អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រកាសថា យានយន្ត ៦២៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២
ភ្នំពេញ ៖ មានយានយន្តសរុបចំនួន ៦៣៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៥៣៧គ្រឿង និងរថយន្ត ៩២គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។
បើតាមអ្នកនាំពាក្យបន្តថា គិតថ្ងៃទី២៣ ខែមករា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៥,១៣២គ្រឿង ក្នុងនោះមានម៉ូតូ ១១,៥១១គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣,៦២១គ្រឿង ។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ល្មើសសញ្ញា និងអត់ស្លាកលេខជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ លើសចំណុះ ទូរស័ព្ទ អាជីវកម្មជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៥លើក ក្នុងនោះស្លាប់ចំនួន១០នាក់ របួស ១៥នាក់ (របួសធ្ងន់១២នាក់)។ រយៈពេល២៣ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៣៨នាក់ របួស ៣៤៣នាក់ (របួសធ្ងន់ ២៣៣នាក់) ៕
