អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ជួបសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត

ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត មានធ្វើពិធីជួបសំណេះសំណាល ជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធ យុវជនកម្ពុជា ស.ស.យ.ក ខេត្តកំពត ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្តមជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ឯកឧត្តម មឿង គង្គា ប្រធានស.ស.យ.កខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពតមានរចនាសម្ព័ន្ធ
ស.ស.យ.កតាំងពីថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងសាលារៀនសរុបចំនួន ៤,៦១៤នាក់ ក្នុងនោះមានស្រី ១,៥៧៥នាក់ ។ ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដូចជារដ្ឋបាលខេត្ត បានធ្វើឲ្យសកម្មភាពចូលរួមចំណែកដោយស្ម័គ្រចិត្ត លើការងារបម្រើសង្គម មនុស្សធម៌របស់ស.ស.យ.កខេត្តកំពត ពិសេស ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ការបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់វិស័យកីឡា ការធ្វើយុទ្ធនាការពលរដ្ឋល្អ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដ៏ឈ្លាសវៃតាមរយៈសកម្មភាពនិងប្រធានបទផ្សេងៗបម្រើជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិងការលះបង់ទាំងស្មារតីសម្ភារៈនិងថវិការបស់សមាជិកសមាជិកា ស.ស.យ.កខេត្តកំពតទាំងអស់ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល លើវិស័យនានាក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ សមត្ថភាពវិជ្ជាជីវៈការបណ្ដុះបណ្ដាលយ៉ាងសកម្ម ចូលរួមកំណែទម្រង់រដ្ឋបាលសាធារណៈស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកត់សម្គាល់ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលការងារ ដែល ស.ស.យ.ក ខេត្តកំពត បានសហការល្អជាមួយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត បម្រើជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានល្អប្រសើរ នារយៈពេលកន្លងមក លើកិច្ចការងារសង្គមនិងមនុស្សធម៌។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បាន ថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងផ្តល់ឱកាសដល់សមាជិកស.ស.យ.ក. តាមមូលដ្ឋាននីមួយៗ បានសហការ និងចូលរួមកិច្ចការងារ ដើម្បីបម្រើប្រជាជន នាពេលកន្លងមក និងទៅអនាគត ដែលសកម្មភាពទាំងអស់នេះ កើតចេញពីការលះបង់ របស់ស.ស.យ.ក.ទូទាំងប្រទេស បាននាំមកនូវ ការទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជន ដោយបានផ្សាភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋាន ស.ស.យ.ក ទៅនឹងសកម្មភាពល្អៗ និងភាពវិជ្ជមានសម្រាប់សង្គម ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើ លើកទឹកចិត្តដល់សមាជិក សមាជិកា ស.ស.យ.កទាំងអស់ ដោយលើកបញ្ជាក់ថា ក្នុងនាមជាអ្នកបន្តវេន ដែលមានភារកិច្ចថែទាំទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ គឺមិនត្រឹមតែ ធ្វើសកម្មភាពជួយលើសង្គមនិងមនុស្សធម៌ប៉ុណ្ណោះទេគឺត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពបន្តខិតខំបន្ថែមទៀតឱ្យអស់លទ្ធភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ការខិតខំរៀនសូត្រពីគម្រូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំ ទាំងការគិត និងការអនុវត្តការងារ។ ពិសេស ការស្តាប់ សង្កេត និងរៀនសូត្រ ពីបទពិសោធល្អ របស់ថ្នាក់ដឹកនាំ ដើម្បីឲ្យយើងបានស្វែងយល់កាន់តែប្រសើរថែមទៀត ពីំវិធីសាស្ត្រ នៃការឆ្លើយតប និងការដោះស្រាយ នូវបញ្ហាប្រឈមនានា ប្រកបដោយសិល្បៈ និងភាពបត់បែនទៅតាមកាលៈទេសៈ។ មេរៀនទាំងអស់នេះ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែម ដើម្បីប្រើប្រាស់ក្នុងការគិតគូរ ការសម្រេចចិត្ត និងការអនុវត្តការងារជាក់ស្តែងប្រចាំថ្ងៃតទៅអនាគតផងដែរ ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner