ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង សម្ពោធជាផ្លូវការនៅកម្ពុជា ក្រោយទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្តាល ពីគណៈកម្មការមូលបត្រកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទបាន និងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ ហេតុនេះហើយ វត្តមានរបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺស័ក្តិសមបំផុត ដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងវិនិយោគិនឲ្យកាន់តែស្និទ្ធស្នាល និងផ្តល់សេវាកម្មដល់អតិថិជន និងដៃគូពាណិជ្ជកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង ។ ទាំងនេះអាចជួយជំរុញឲ្យទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាការជួញដូរឧបករណ៍និស្សន្ទនៅក្នុងវិស័យមូលបត្រនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើង គ្រប់គ្រងហានិភ័យសម្រាប់អ្នកចូលរួមទីផ្សារ រួមទាំងផ្តល់ភាពងាយសួល និងតម្លាភាពនៃពាណិជ្ជកម្ម។

នេះជាប្រសាសន៍របស់លោក សាន ចាន់កុម្ភៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បញ្ជាក់ក្នុងកម្មវិធីសម្ពោធជាផ្លូវការក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង (Global Liquidity Exchange Co.,Ltd.) ហៅកាត់ថា (GLX) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ B.I.C Group និង ការទទួលអាជ្ញាបណ្ណក្រុមហ៊ុនសមភាគីកណ្តាលជាផ្លូវការពីគណៈកម្មការមូលបត្រកម្ពុជា នារសៀលថ្ងៃទី០៣ ខែធ្នូនេះ នៅ សណ្ឋាគាររ៉ូសវូដ រាជធានីភ្នំពេញ ។

លោកនាយកប្រតិបត្តិបន្តថា GLX ពិតជាមានមោទនភាពជាខ្លាំង ដែលបានទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្ម ជាក្រុមហ៊ុនសមភាគីកណ្តាលមួយ ក្នុងចំណោមក្រុម ហ៊ុនទាំង០៥នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលមានស្រាប់ និងក្រុមហ៊ុនដែលបង្កើតថ្មីៗ ។ លោកបន្ថែមថា GLX ជាក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលទទួលបានការសហការ និងអនុញាតឲ្យប្រើប្រាស់ប្រព័ន្ធ ជួញដូរជំនាន់ថ្មីប្រកបដោយទំនុកចិត្តខ្ពស់ ដូចជា Meta Trader 4 (MT 4) & Meta Trader 5 (MT 5) ។ នៅទីនេះ យើងមានជំនាញច្បាស់លាស់ក្នុងការផ្ដល់នូវសេវាកម្មជូនក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍ និស្សន្ទ ក្រុមអ្នកវិនិយោគខ្នាតតូច និងមធ្យម អ្នកតាមដានទីផ្សារភាគហ៊ុន និងធនាគារជាដើម ។

លោក បញ្ជាក់ទៀតថា ចក្ខុវិស័យតែមួយគត់របស់ GLX គឺប្រែក្លាយទីផ្សារហិរញ្ញវត្ថុធំបំផុតរបស់ពិភពលោក តាម រយៈការដំណើរការប្រកបដោយទំនុកចិត្តខ្ពស់ តម្លាភាព ច្បាស់លាស់ និងត្រឹមត្រូវ លោកថា GLX នឹងបន្ត នាំយកនូវបច្ចេកវិទ្យាថ្មីៗដែលអាចទ្រទ្រង់ដល់ អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទ និង អតិថិជន ជាដៃគូ ។ នៅក្នុងនាឱកាសនោះដែរ លោក សាន ចាន់កុម្ភៈ បានបង្ហាញការជឿជាក់យ៉ាងមុត មំាថា ការប្រារព្ធពិធីសម្ពោធនៃការទទួលបានអាជ្ញាបណ្ណនាពេលនេះ នឹងអាចដឹកនាំអតិថិជនក្នុងប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតភ្លឺស្វាង និងភាពរីកចម្រើន ខណៈ B.I.C Group បាននិងកំពុងបន្តរីកចម្រើនលើគ្រប់វិស័យ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner