ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩

ព្យុះសង្ឃរាកាមូរិ ដែលមានឥទ្ធិពលខ្លាំងក្លាបានបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់នៅក្នុងប្រទេសហ្វីលីពីន ហើយបង្ខំឲ្យអាជ្ញាធរបិទទ្វារព្រលានយន្ដហោះធំជាងគេក្នុងប្រទេស។ ព្យុះទីហ្វុង Kammuri បានចាប់ផ្ដើមវាយប្រហារមកភាគអាគ្នេយ៍នៃកោះ Luzon ដែលមានប្រជាជនរស់នៅច្រើនបំផុត កាលពីយប់ថ្ងៃចន្ទកន្លងទៅ។

ព្យុះនេះ ត្រូវបានចាត់ចូលក្នុងព្យុះកម្រិតទី៤ ដែលមានល្បឿនខ្យល់រហូតដល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ យោងតាមរបាយការណ៍ឲ្យដឹងថា ជនរងគ្រោះពីរនាក់ បានស្លាប់ដោយសារដើមឈើរលំសង្កត់ និងពីរនាក់ផ្សេងទៀតស្លាប់ដោយសារបាក់ដំបូលសង្កត់។ ការស្លាប់នេះ ត្រូវបានរាយការណ៍ដោយអាជ្ញាធរមកពីខេត្តបីផ្សេងគ្នារួមមាន Oriental Mindoro, Camarines Sur និង Zambales នៅភាគខាងជើង។

ជាមួយគ្នាដែរ ជើងហោះហើរជាង ១០០ ត្រូវបានអាជ្ញាធរក្រុងម៉ានីឡា ប្រកាសលុបចោល និងបិទទ្វារអាកាសយានដ្ឋានអន្ដរជាតិ Ninoy រយៈពេល ១២ម៉ោងកាលពីថ្ងៃអង្គារចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ១១យប់។
រីឯការប្រកួតស៊ីហ្គេម ៨ប្រភេទកីឡា ក៏ត្រូវបានប្តូរម៉ោងប្រកួតដែរ ដោយសារតែឥទ្ធិពលនៃព្យុះមួយនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner