ការបាញ់គ្នាផ្ទុះឡើងនៅរដ្ឋធានីរបស់ប៊ូគីណាហ្វាសូ ខណៈទាហានធ្វើការបះបោរ
អៅហ្គាឌូហ្គូ៖ ការបាញ់គ្នាផ្ទុះឡើងនៅឯមូលដ្ឋានយោធារបស់ប្រទេសប៊ូគីណាហ្វាសូកាលពីព្រឹកថ្ងៃអាទិត្យ ដែលជាផ្នែកមួយនៃការប៉ុនប៉ងបះបោរដោយទាហានដែលខឹងសម្បារចំពោះការបរាជ័យរបស់រដ្ឋាភិបាលរបស់ខ្លួន ក្នុងការបញ្ឈប់រលកនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអ៊ិស្លាម។
ការបាញ់ប្រហារចាប់ផ្តើមនៅមុនពេលព្រលឹមនៅមូលដ្ឋានយោធាក្នុងរដ្ឋធានីអៅហ្គាឌូហ្គូ និងក្នុងទីក្រុងពីរផ្សេងទៀត។ ក្រោយការបាញ់ប្រហារថយចុះប៉ុន្មានម៉ោងក្រោយមក រដ្ឋាភិបាលប៊ូគីណាហ្វាសូចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធថា មិនមានរដ្ឋប្រហារកំពុងដំណើរការនោះទេ ហើយទទូចថាខ្លួនអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។
ទោះយ៉ាងនេះក្តី ពួកទាហានរក្សាការគ្រប់គ្រងនៅមូលដ្ឋានទ័ព និងទាមទារការផ្លាស់ប្តូរយ៉ាងទូលំទូលាយចំពោះយុទ្ធនាការប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជ្ញាធររបស់រដ្ឋាភិបាល។ មន្ត្រីប៉ូលិសកុបកម្មបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅកណ្តាលរដ្ឋធានីអៅហ្គាឌូហ្គូ ដើម្បីការពារហ្វូងបាតុករទាហានវ័យក្មេងដែលអំពាវនាវឱ្យបណ្តេញប្រធានាធិបតីលោក Roch Marc Christian Kaboré ចុះចេញពីដំណែង មិនឱ្យចូលទៅកណ្ដាលក្រុង។
រដ្ឋមន្ត្រីការពារជាតិលោក Barthélémy Simporé និយាយលើកញ្ចក់ទូរទស្សន៍រដ្ឋថា ភាពចលាចលត្រូវបានបង្ខាំងនៅក្នុងបន្ទាយមួយចំនួន ហើយថារដ្ឋាភិបាលជួបជាមួយទាហានដែលកំពុងបះបោរ ដើម្បីរៀនពីការទាមទាររបស់ពួកគេ។
ការបះបោរកើតឡើងប៉ុន្មានខែបន្ទាប់ពីលោក Kaboré ផ្លាស់ប្តូរការដឹកនាំយោធានៅក្នុងអ្វីដែលអ្នកវិភាគមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្ក្រាបក្រុមប្រឆាំងនៅក្នុងកងកម្លាំងប្រដាប់អាវុធ។ កាលពីដើមខែនេះ រដ្ឋាភិបាលបានចាប់ខ្លួនទាហានរាប់សិបនាក់ដោយសង្ស័យថាឃុបឃិតប្រឆាំងនឹងរដ្ឋាភិបាល។
ភាពចលាចលនេះក៏កើតឡើងស្របពេលដែលអំពើហិង្សាក្នុងប្រទេសកាន់តែកើនឡើង។ រលកនៃអំពើហិង្សារបស់ក្រុមរដ្ឋអ៊ិស្លាមនៅក្នុងតំបន់សាហែលបានកើនឡើងកាន់តែខ្លាំងនៅក្នុងឆ្នាំមុន ដោយសម្លាប់មនុស្សជាង ២ ០០០ នាក់គិតតែក្នុងប្រទេសប៊ូគីណាហ្វាសូមួយ។
ជាមួយ ក៏មានការកើនឡើងនៃការធ្វើរដ្ឋប្រហារយោធានៅទូទាំងអនុតំបន់សាហារ៉ាអាហ្រ្វិកក្នុងឆ្នាំកន្លងទៅដែរ ដោយទាហានបានដណ្តើមអំណាចនៅប្រទេសឆាដ ហ្គីណេ ម៉ាលី និងស៊ូដង់។ កាលពីខែវិច្ឆិកា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅអាហ្វ្រិកខាងលិចព្រមានថា ប៊ូគីណាហ្វាសូអាចជាអ្នករងគ្រោះបន្ទាប់។

ប្រភព៖ New York Times