កិច្ចពិភាក្សាតាលីបង់នៅន័រវេស បង្កឱ្យមានការដេញដោលគ្នាថ្មីអំពីការទទួលស្គាល់រដ្ឋាភិបាលតាលីបង់
អូស្លូ៖ គណៈប្រតិភូតាលីបង់ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទីលោក Amir Khan Muttaqi កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមកិច្ចពិភាក្សារយៈពេលបីថ្ងៃនៅទីក្រុងអូស្លូជាមួយមន្ត្រីលោកខាងលិច និងតំណាងសង្គមស៊ីវិលអាហ្វហ្គានីស្ថាន ចំពេលវិបត្តិមនុស្សធម៌នៅអាហ្វហ្គានីស្ថានកាន់តែយ៉ាប់យ៉ឺន។
កិច្ចប្រជុំបិទទ្វារដែលប្រព្រឹត្តិឡើងជាលើកដំបូងចាប់តាំងពីក្រុមតាលីបង់ចូលកាន់តំណែងកាលពីខែសីហា គឺជាកិច្ចប្រជុំផ្លូវការរវាងអឺរ៉ុប និងតាលីបង់។ កិច្ចពិភាក្សានេះមិនត្រឹមតែបង្កភាពចម្រូងចម្រាសនោះទេ ប៉ុន្តែក៏បង្កឱ្យមានការជជែកដេញដោលលើថាតើរដ្ឋាភិបាលតាលីបង់នឹងទទួលបានភាពស្របច្បាប់ឬយ៉ាងណា ជាពិសេសស្របពេលដែលកិច្ចពិភាក្សានេះប្រារព្ធឡើងនៅប្រទេសន័រវេស ដែលជាសមាជិករបស់អង្គការណាតូ។
ថ្លែងនៅចុងបញ្ចប់នៃកិច្ចពិភាក្សាថ្ងៃដំបូង ប្រតិភូតាលីបង់លោក Shafiullah Azam ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Associated Press ថា កិច្ចប្រជុំជាមួយមន្ត្រីលោកខាងលិចគឺជាជំហានមួយដើម្បីធ្វើឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានស្របច្បាប់។ មន្រ្តីដដែលបន្ថែមថា៖ «ការអញ្ជើញ និងការទំនាក់ទំនងនេះនឹងជួយសហគមន៍អ៊ឺរ៉ុប សហរដ្ឋអាមេរិក ឬប្រទេសជាច្រើនទៀត ឱ្យលុបបំបាត់រូបភាពមិនល្អនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន»។
សេចក្តីថ្លែងការណ៍របស់ប្រតិភូតាលីបង់អាចនឹងធ្វើឱ្យម្ចាស់ផ្ទះន័រវេសរបស់តាលីបង់ខឹងសម្បារ។ រដ្ឋមន្ត្រីការបរទេសន័រវេសអ្នកស្រី Anniken Huitfeldt មុននោះសង្កត់ធ្ងន់ថា កិច្ចចរចាមិនមែនតំណាងឱ្យភាពស្របច្បាប់ ឬការទទួលស្គាល់ក្រុមតាលីបង់នោះទេ។
កាលពីថ្ងៃអាទិត្យ ក្រុមបាតុករ ២០០ នាក់ប្រមូលផ្តុំគ្នាមុខក្រសួងការបរទេសន័រវេសក្នុងទីក្រុងអូស្លូ ដើម្បីថ្កោលទោសកិច្ចប្រជុំជាមួយពួកតាលីបង់ដែលមិនមានការទទួលស្គាល់ការទូតពីរដ្ឋាភិបាលបរទេសណាមួយនៅឡើយ។
លោក Ahman Yasir ដែលជនជាតិអាហ្វហ្គានីស្ថានន័រវេសរស់នៅក្នុងប្រទេសន័រវេស អស់រយៈពេលប្រហែលពីរទសវត្សរ៍មកហើយនោះនិយាយថា៖ «ពួកតាលីបង់ មិនបានផ្លាស់ប្តូរ ដូចដែលមនុស្សមួយចំនួននៅក្នុងសហគមន៍អន្តរជាតិចូលចិត្តនិយាយនោះទេ។ ពួកគេនៅតែឃោរឃៅដូចកាលពីមុនឆ្នាំ ២០០១ ដដែល»។
មេដឹកនាំតាលីបង់ជួបជាមួយសកម្មជនសិទ្ធិស្ត្រី និងសិទ្ធិមនុស្សមួយចំនួនកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមានពាក្យផ្លូវការណាមួយអំពីជំនួបទាំងនោះទេ។ ជាមួយគ្នានោះ តំណាងតាលីបង់ក៏នឹងជួបជាមួយគណៈប្រតិភូមកពីប្រទេសលោកខាងលិចចាប់ពីថ្ងៃចន្ទ ហើយនឹងជំរុញការទាមទាររបស់ខ្លួនឱ្យសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតបញ្ចេញលុយ ១០ ប៊ីលានដុល្លារដែលជាប់គាំង ខណៈអាហ្វហ្គានីស្ថានប្រឈមមុខនឹងវិបត្តិមនុស្សធម៌។
លោក Shafiullah Azam របស់តាលីបង់និយាយថា៖ «យើងកំពុងស្នើសុំឱ្យពួកគេបញ្ចេញទ្រព្យសម្បត្តិអាហ្វហ្គានីស្ថាន និងមិនដាក់ទណ្ឌកម្មប្រជាជនអាហ្វហ្គានីស្ថានធម្មតា ដោយសារតែសុន្ទរកថានយោបាយ»។ លោកបន្តថា៖ «ដោយសារភាពអត់ឃ្លាន និងរដូវរងាដ៏សាហាវ ខ្ញុំគិតថាដល់ពេលដែលសហគមន៍អន្តរជាតិត្រូវគាំទ្រជនជាតិអាហ្វហ្គានីស្ថាន មិនមែនដាក់ទណ្ឌកម្មពួកគេដោយសារជម្លោះនយោបាយនោះទេ»។
អង្គការសហប្រជាជាតិគ្រប់គ្រងការផ្តល់សាច់ប្រាក់មួយចំនួន និងអនុញ្ញាតឱ្យរដ្ឋបាលតាលីបង់បង់ថ្លៃការនាំចូលរួមទាំងអគ្គិសនីផងដែរ។ ប៉ុន្តែអង្គការនេះព្រមានថា កុមារអាហ្វហ្គានីស្ថានច្រើនដល់ទៅ ១ លាននាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការអត់ឃ្លាន ហើយភាគច្រើននៃប្រជាជន ៣៨ លាននាក់របស់ប្រទេសនេះ កំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
កាលពីខែធ្នូកន្លងទៅនេះ កម្មវិធីស្បៀងអាហារពិភពលោក (WFP) រកឃើញថា ៩៨ ភាគរយនៃជនជាតិអាហ្វហ្គានីស្ថានមិនទទួលបានអាហារគ្រប់គ្រាន់សម្រាប់បរិភោគនោះទេ។ ការដួលរលំសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានមានន័យថា មនុស្សជាច្រើន រួមទាំងសមាជិកមួយចំនួននៃក្រុមតាលីបង់ មិនអាចមានលទ្ធភាពទិញអាហារ។
ដោយប្រឈមមុខនឹងសំណើសុំមូលនិធិពីពួកតាលីបង់ មហាអំណាចលោកខាងលិចទំនងជានឹងដាក់ការទាមទារលើសិទ្ធិស្ត្រី និងកុមារីអាហ្វហ្គានីស្ថានខ្ពស់ក្នុងរបៀបវារៈរបស់ខ្លួន រួមជាមួយនឹងការទាមទារដដែលៗរបស់បស្ចិមលោកសម្រាប់រដ្ឋបាលតាលីបង់ ឱ្យចែករំលែកអំណាចជាមួយក្រុមជនជាតិ និងសាសនាភាគតិច។
ចាប់តាំងពីឡើងកាន់អំណាចនៅពាក់កណ្តាលខែសីហាមក ក្រុមតាលីបង់បានដាក់ការរឹតបន្តឹងផ្សេងៗដែលភាគច្រើនសំដៅលើស្ត្រី។ ស្ត្រីត្រូវបានហាមប្រាមពីការងារជាច្រើននៅក្រៅវិស័យសុខាភិបាល និងការអប់រំ និងតម្រូវឱ្យពាក់ស្បៃជាដើម ខណៈដែលសាលាមធ្យមសិក្សាបើកសម្រាប់តែសិស្សប្រុស និងគ្រូប្រុសប៉ុណ្ណោះ។
យ៉ាងណាមិញ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងវប្បធម៌អាហ្វហ្គានីស្ថានលោក Zabihullah Mujahid និយាយកាលពីថ្ងៃចន្ទថា ក្មេងស្រីនឹងត្រូវអនុញ្ញាតឱ្យចូលរៀនចាប់ពីចុងខែមីនាឆ្នាំនេះ។ លោកក៏បដិសេធផងដែរថា ក្រុមតាលីបង់កំពុងចាប់ស្ត្រីជាច្រើននាក់ដែលតវ៉ាទាមទារសិទ្ធិរបស់ពួកគេ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក គណៈប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយអ្នកតំណាងពិសេសសម្រាប់អាហ្វហ្គានីស្ថានលោក Tom West គ្រោងនឹងពិភាក្សាអំពីការបង្កើតប្រព័ន្ធនយោបាយតំណាងមួយ និងឆ្លើយតបទៅនឹងវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចបន្ទាន់ កង្វល់សន្តិសុខ និងប្រឆាំងភេរវកម្ម និងសិទ្ធិមនុស្សជាដើម។




ប្រភព៖ AP News