សហភាពអឺរ៉ុប៖ ខ្លួននឹងមិនធ្វើតាមសហរដ្ឋអាមេរិក និងអង់គ្លេស ក្នុងការបញ្ជាអោយបុគ្គលិកការទូតចាកចេញពីប្រទេសអ៊ុយក្រែនឡើយ
អឺរ៉ុប៖ សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួនបានណែនាំគ្រួសារបុគ្គលិកការទូតរបស់ខ្លួនឱ្យចាកចេញពីទីក្រុងគៀវ នៅថ្ងៃអាទិត្យសប្តាហ៍មុន ហើយនៅថ្ងៃដដែលនោះ អ៊ុយក្រែននិយាយថា ខ្លួនបានទទួលអាវុធអាមេរិកជាបាច់ទីពីរ ដើម្បីបង្កើនការការពារប្រទេស ចំពេលមានការគំរាមកំហែងនៃការឈ្លានពានពីសំណាក់យោធារុស្ស៊ី។
បើតាមក្រសួងការបរទេសអាមេរិក បុគ្គលិកស្ថានទូតមិនសំខាន់របស់សហរដ្ឋអាមេរិកត្រូវបានបង្គាប់ឱ្យចាកចេញពីប្រទេសអឺរ៉ុបខាងកើតនេះ តាមមូលដ្ឋានស្ម័គ្រចិត្ត ហើយពលរដ្ឋអាមេរិកត្រូវពិចារណាចាកចេញឥឡូវនេះ ដោយបន្ថែមថា ការធ្វើដំណើរទៅកាន់រុស្ស៊ីក៏មិនត្រូវបានលើកទឹកចិត្តផងដែរ។ សហរដ្ឋអាមេរិក និងអង់គ្លេស នៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមដកបុគ្គលិក និងអ្នកនៅក្នុងបន្ទុកមួយចំនួនចេញពីស្ថានទូតរបស់ខ្លួននៅអ៊ុយក្រែន ជាការឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីរុស្ស៊ី។
ការិយាល័យការបរទេសអង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតអង់គ្លេសនៅតែបើកចំហ ហើយនឹងបន្តអនុវត្តការងារសំខាន់ៗ។ ប៉ុន្តែសហភាពអឺរ៉ុប (EU) បានបញ្ជាក់ដែរថា ប្លុកនេះមិនអនុវត្តតាមទេ។ អ្នកការទូតកំពូលអឺរ៉ុបលោក Josep Borrell បាននិយាយថា យើងនឹងមិនធ្វើរឿងដដែលនេះទេ ពីព្រោះយើងមិនដឹងពីហេតុផលជាក់លាក់ណាមួយឡើយ ដោយបន្ថែមថា មិនចាំបាច់ធ្វើឱ្យស្ថានការណ៍កាន់តែធំឡើងនោះទេ ខណៈពេលដែលកិច្ចពិភាក្សាជាមួយរុស្ស៊ីនៅតែបន្ត៕ ប្រភព៖ CGTN


