នៅក្នុងកិច្ចជំនួបពិភាក្សារវៃងរដ្ឋបាលខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន
សៀមរាប៖ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅភោជនីយដ្ឋានម្លិះអង្គរខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចជំនួបពិភាក្សារវាងថ្នាក់ដឹកនាំខេត្តសៀមរាប ដែលដឹកនាំដោយ លោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ជាមួយ លោក ចាង គូរហ័រ (Zhang Huohua) អភិបាលរងខេត្តយូណាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ដោយមានការចូលរួមពី លោក នាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តការអន្តរជាតិ លោក អភិបាលរងក្រុងសៀមរាប លោកនាយករងទីចាត់ការអន្តរវិស័យ និងលោកនាយករងទីចាត់ការផែនការ និងអ្នកវិនិយោគសាលាខេត្តជាច្រើននាក់ផងដែរ។ កិច្ចជំនួបពិភាក្សានេះ បានរៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីជាការពង្រឹងពង្រីកទំនាក់ទំនងនៃចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរឲ្យកាន់ស្អិតរមួតហើយក៏មានការប្រគល់រថយន្តបោសសំអាតក្រុង ជូនរដ្ឋបាលខេត្តសៀមរាប។
លោក លី សំរិទ្ធ អភិបាលរងខេត្ត បានមានមតិស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូខេត្តយូណាន រួចមក លោកក៏បានឆ្លើយតបទៅនឹងសំណើរបស់លោក ចាង គូរហ័រ (Zhang Huohua) អភិបាលរងខេត្តយូណាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន មួយចំនួន គឺស្ថិតនៅក្នុងសមត្ថកិច្ចរបស់ថ្នាក់ជាតិ និងខ្លះទៀតជាសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ គឺ(ថ្នាក់ខេត្ត) តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការតម្រង់ទិស ការងារសាងសង់អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរ ចំពោះគណៈកម្មការនេះ បាននិងកំពុងសិក្សាលើគម្រោងនេះយ៉ាងសកម្ម។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏បានបង្កើតអនុគណៈកម្មការថ្នាក់ខេត្តមួយផងដែរដើម្បីសហការធ្វើកិច្ចការនេះ។ លោក អភិបាលរងខេត្តសៀមរាបបានបន្តថា៖ គម្រោងនេះ គឺជាគម្រោងមួយដែលប្រជាពលរដ្ឋកម្ពុជាបានដឹង ហើយពួកគាត់ក៏បានអបអរសាទរយ៉ាងខ្លាំងចំពោះគម្រោងដ៏ធំមួយនេះ នឹងជួយជម្រុញដល់ការលើកកម្ពស់សេដ្ឋកិច្ចក្នុងសង្គមជាតិ ដើម្បីអភិវឌ្ឍន៍ខេត្ត ក៏ដូចជាទូទាំងព្រះរាជានាចក្រកម្ពុជាដែរ។
លោក ចាង គូរហ័រ (Zhang Huohua) អភិបាលរងខេត្តយូណាន នៃសាធារណៈរដ្ឋ ប្រជាមានិតចិន បានមានប្រសាសន៍ថា៖ ក្រៅពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តយូណាន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តសៀមរាប យើងមានគម្រោងជាច្រើងទៀត ដែលគម្រោងទាំងនេះ បាននឹងកំពុងតែដំណើរការនាពេលបច្ចុប្បន្ន។ តែដោយឡែក គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ គឺជាគម្រោងដែលធំជាងគេរបស់ខេត្តយូណាន ហើយបានស្នើដល់រដ្ឋបាលខេត្តសៀមរាប ក្នុងការសម្របសម្រួលអោយមានការផ្គត់ផ្គង់ទឹក ភ្លើង បណ្តាញលូបង្ហូរទឹកខ្វក់ និងប្រពន្ធទូរគមនាគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការនៃការសាងសង់អាកាសយានដ្ឋាននេះបានប្រព្រឹត្តទៅដោយរលូន។ ម្យ៉ាងវិញទៀត សូមឲ្យរដ្ឋបាលខេត្តជួយសម្របសម្រួលដល់ការនាំចូលសម្ភារៈផ្សេងៗ និងការផ្ទេរទីតាំងពីអាកាសយានដ្ឋានចាស់ មកអាកាសយានដ្ឋានថ្មីផងដែរ។ ជាមួយគ្នានោះ អភិបាលរងខេត្តយូណាន ក៏បានបញ្ជាក់ថា៖ គម្រោងនេះ ក៏ជាគម្រោងមួយដ៏មានសារសំខាន់សម្រាប់ប្រជានជនខេត្តយូណាន និងខេត្តសៀមរាប ហើយលោកនឹងខិតខំគៀងគរវិនិយោគិន និងក្រុមហ៊ុន សហគ្រាស ទាំងធំទាំងតូចដើម្បីមកធ្វើការវិនិយោគនៅក្នុងទឹកដីខេត្តសៀមរាបឲ្យបានច្រើន៕ ដោយ ស៊ាន សុផាត





