ក្រសួងសេដ្ឋកិច្ច ជម្រុញអោយ ស្ថាប័នពាក់ព័ន្ធដីធ្លីធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ឱ្យបានចប់សព្វគ្រប់ ដើម្បីការពារពីការរំលោភបំពាននានា

 សៀមរាប៖ មន្ដ្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធអោយពន្លឿនធ្វើប័ណ្ណកាប់សិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋអ្នកកាន់កាប់អាស្រ័យផលលើដីរដ្ឋទាំងឡាយណាដែលស្របតាមលក្ខណៈវិនិច្ឆ័យចែងក្នុងសារាចរណែនាំ ដើម្បីផ្តល់ជាជម្រកស្នាក់នៅស្របច្បាប់ជូនពួកគាត់។

ឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបែបនេះនៅក្នុងងសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តដែលបានរៀបចំឡើង ដោយអគ្គនាយកជោនទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ដែលធ្វើឡើងនៅខេត្ដសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។ ឯកឧត្ដមបានថ្លែងថា កន្លងមក ការធ្វើប័ណ្ណកម្មសិទ្ធិលើដីរបស់រដ្ឋ នៅមិនទាន់រួចរាល់នៅឡើយ ដោយសារកត្តាកម្រៃសេវានៃការធ្វើប័ណ្ណកម្មសិទ្ធិ ជាកត្តាមួយក្នុងចំណោមកត្តាផ្សេងៗទៀត។

ដោយមើលឃើញនូវបញ្ហានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រៀបចំប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលើកលែងការយកកម្រៃសេវាសាធារណៈ សម្រាប់ការធ្វើប័ណ្ណកម្មសិទ្ធិលើដីសាធារណៈរបស់រដ្ឋ ដីឯកជនរបស់រដ្ឋ ដីគ្រឹះស្ថានសាធារណៈរដ្ឋបាល និងគរុភណ្ឌជាដីរបស់វត្ត ដើម្បីជំរុញការធ្វើប័ណ្ណកម្មសិទ្ធិ ឱ្យចប់ឆាប់ៗ។ ឯកឧត្ដមបានបន្ដថា ក្រសួងស្ថាប័ន នីតិបុគ្គលសាធារណៈ ដែលមានវត្តមាននៅក្នុងសិក្ខាសូមជួយជំរុញការងារធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ឱ្យបានចប់សព្វគ្រប់ ព្រោះកម្រៃសេវាត្រូវបានលើកលែងហើយ ដើម្បីរួមចំណែកការពារដីរដ្ឋ ពីការរំលោភបំពាននានា។ពាក់ព័ន្ធដល់សារាចរលេខ ០៦ សរ ស្តីពីវិធាន និងលក្ខណៈវិនិច្ឆ័យនៃការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ ជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការផ្តល់លំនៅដ្ឋានដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានកាន់កាប់ និងអាស្រ័យផលលើដីរដ្ឋ ក៏ដូចជាការពារដីរដ្ឋពីការកេងចំណេញនានា។ ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ គឺជាការងារដែលទាមទារឱ្យមានការសម្របសម្រួលទាំងថ្នាក់ស្ថាប័ន ទាំងថ្នាក់បុគ្គលយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិនិងនីតិបុគ្គលសាធារណៈទូទាំងប្រទេស.ឯកឧត្ដម បានបន្ដថា សារាចរនេះ ជាការកំណត់នូវលក្ខណៈវិនិច្ឆ័យច្បាស់លាស់ សម្រាប់ការធ្វើប្រទានកម្មជូនអ្នកកាន់កាប់ និងអាស្រ័យផល។

ឯកឧត្ដម បានស្នើដល់អាជ្ញាធរកាន់កាប់ទាំងអស់ សូមពន្លឺនការងារនេះ ជាពិសេសចំពោះអ្នកកាន់កាប់ អាស្រ័យផលលើដីរដ្ឋទាំងឡាយណាដែលស្របតាមលក្ខណៈវិនិច្ឆ័យចែងក្នុងសារាចរនេះ ដើម្បីផ្តល់ជាជម្រកស្នាក់នៅស្របច្បាប់ជូនពួកគាត់។ ទន្ទឹមនេះ អាជ្ញាធរកាន់កាន់ត្រូវការពារដាច់ខាតពីការរំលោភបំពាននានា មកលើដីរដ្ឋ ដែលខុសពីលក្ខណៈវិនិច្ឆ័យខាងលើ។ឯកឧត្តម អំពាវដល់សិក្ខាកាមអោយរួមគ្នាលើកកម្ពស់ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅក្រសួងស្ថាប័ន និងនីតិបុគ្គលសាធារណៈរៀងៗខ្លួន ។

គិតត្រឹមឆ្នាំ២០១៨ ចំណូលមិនមែនសារពើពន្ធដែលមានចំនួនស្នើនឹង២,៨៩% នៃផ.ស.ស បាននឹងកំពុងក្លាយជាប្រភពចំណូលយ៉ាងសំខាន់ចូលរួមរុញច្រានកំណើនចំណូលចរន្តសរុបដែលមានចំនួន ២២% នៃផ.ស.ស ៕ ដោយ ស៊ាន សុផាត

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner