រដ្ឋមន្ត្រីការបរទេសទីម័រខាងកើតនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាថ្ងៃស្អែក
ភ្នំពេញ៖ លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។
ជំនួបនេះនឹងធ្វើឡើងក្នុងអំឡុងពេលដែលរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។
ក្នុងសេចក្តីប្រកាសព័ត៌មានបស់ក្រសួងការបរទេសនិងហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៥ខែមករានេះបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
ក្រសួងការបរទេសកម្ពុជាបានបន្តថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំងសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។
លោកជំទាវរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត ក៏រំពឹងថានឹងមានជំនួបដាច់ឡែកឡែកពីគ្នាជាមួយឥស្សរជនកម្ពុជាមកពីវិស័យសាធារណៈ និងឯកជនដទៃទៀតផងដែរ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើត ក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕
ដោយៈពលជ័យ
