ឯកឧត្តម ឈន សារ៉ាណេ អញ្ជើញ សួរសុខទុក្ខឯកឧត្តម ចាន់ វ៉ែន ដែលមានវ័យជរាហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ៨រោច ខែ បុស្សឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៥ខែ មករា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងសហការី ដែលជានិស្សិតជំនាន់ទី៨នៃវិទ្យាស្ថានសេដ្ឋកិច្ចនៃក្រសួងអបរំ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ចាន់ វ៉ែន សមាជិកគណៈកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជានិងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលមានវ័យជរាហើយមានជម្ងឺរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ បានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃគ្រប់លំដាប់ថ្នាក់ ទាំងអស់ ដែលជានិច្ចជាកាលសម្តេច តែងតែយកចិត្តទុកដាក់គិតគូរដល់ សុខទុក្ខនិងជីវភាពរស់នៅរបស់ឥស្សរៈស្នេហាជាតិចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន ជាពិសេសមន្រ្តីដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ រួមជាមួយប្រតិភូអមដំណើរទាំងអស់បានសម្ដែងនូវមនោសញ្ចេតនា គោរព ដឹងគុណ និងកោតសរសើរដោយស្មោះចំពោះវីរៈភាព របស់ឯកឧត្តមចាន់ វ៉ែន ដែលជា ឥស្សរៈជន ស្នេហាជាតិមួយរូបដែលបានចូលរួមក្នុងចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រំដោះប្រទេសជាតិចេញពីរបបប៉ុលពតប្រល័យពូជសាសន៍ នាថ្ងៃ៧ខែមករា ឆ្នាំ១៩៧៩។
និងស្នាដៃដ៏ធំធេងជាច្រើនរបស់ ឯកឧត្តមដែលបានចូលរួមចំណែកក្នុងការ ស្តារ កសាង អភិវឌ្ឍន៍ប្រទេសជាតិនាពេលកន្លងមក ដូចជា បំពេញតួរនាទីជាប្រធានគណកម្មាធិការប្រជាជនបដិវត្តន៍រដ្ឋធានីភ្នំពេញ ជាអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋ ជារដ្ឋមន្រ្តីក្រសួងអប់រំសិក្សាធិការជាតិ ជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជាប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ទទួលបន្ទុកផ្នែកអប់រំសីលធម៌ វប្បធម៌ខ្មែរ សន្តិភាព និងទ្រឹស្តីពុទ្ធសាសនា ជាអគ្គលេខាធិការរងរដ្ឋសភា និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ រួមជាមួយប្រតិភូអមដំណើរ បានចាត់ទុកគុណបំណាច់របស់ឯកឧត្ដម ចាន់ វ៉ែន នាពេលកន្លង គឺជាកេរ្តិ៍ដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ រៀនសូត្រតាម ព្រមទាំងបានប្រគល់ជូននូវ វត្ថុអនុស្សាវរីយ៍រួមជាមួយថវិការចំនួន ២៤៥០$ ជូនឧត្ដម ចាន់ វ៉ែននិងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់រក្សាឯកឧត្ដម ឆាប់បានជាសះស្បើយពីជម្ងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។






