ព្រៃលិចទឹកទំហំ៤០ហិកតាស្ថិតក្នុងតំបន់៣ របស់ក្រុងសៀមរាបត្រូវបានដាំស្តារឡើងវិញ
អត្ថបទដោយ៖
Kien Sereyvuth
សៀមរាប៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្ដសៀមរាប សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាសហគមន៍ បានដាំកូនឈើចំនួន ២១២០ដើម លើផ្ទៃដី៤០ហិកតា ក្នុងតំបន់៣ ក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីស្តារព្រៃលិចទឹកឡើងវិញ។
ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថាកូនឈើចំនួន ២១២០ដើម រួមមាន ប្រភេទ រាំង ឬស្សី (ប្រភេទឬស្រីស្រុក ផ្អែម និងពីងពង់) រំដេញ ត្រូវបានដាំនៅតំបន់៣ ដែលបានដកហូតកាលពីពេលថ្មីៗកន្លងទៅ។ កូនឈើដែលដាំនេះនឹងក្លាយជាជម្រករបស់មច្ឆជាតិ និងក្លាយជាព្រៃសម្រាប់ទេសចរណ៍ធម្មជាតិ ហើយសកម្មភាពដាំកូនឈើព្រៃលិចទឹកនេះ បានលើកទឹកចិត្តដល់សាធារណជនឱ្យឃើញពីតម្លៃនៃព្រៃលិចទឹក និងចូលរួមថែរក្សាការពារព្រៃលិចទឹកឱ្យ បានគង់វង្សសម្រាប់គុនចៅតាជំនាន់។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមថាក្រសួងបរិស្ថាន បានកំណត់ទីតាំងជាអាទិភាពដាំស្តារព្រៃលិចទឹកឡើងវិញលើដីតំបន់៣ដែលបានហូតរួចហើយនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។
ជាមួយគ្នានោះ ឯកឧត្តម ង៉ាន់ ភីរុណ អភិបាលរងនៃគណអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ព្រៃលិចទឹកក្នុងតំបន់៣នៃបឹងទន្លេសាប ដែលបានដកហូតនាពេលកន្លងមកនៅទូទាំងខេត្ដសៀមរាប មានចំនួនជាង២៤០០ហិកតា។ ឯកឧត្តម បានថ្លែងការអបអរសាទរ នឹងសប្បាយរីករាយដែលក្រសួងបរិស្ថាន បានសហការចូលរួមដាំស្តារព្រៃលិចទឹកឡើងវិញនាពេលនេះ ដើម្បីចូលរួមពង្រឹងការថែរក្សាការពារធនធានធម្មជាតិឲ្យបានល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា កូនឈើដែលបានដាំនៅថ្ងៃនេះ នឹងត្រូវបន្តថែទាំ ស្រោចទឹក ដោយសហគមន៍បឹងពារាំង ដែលមានមូលដ្ឋាននៅក្នុងតំបន់នៃក្រុងសៀមរាប ខេត្តសៀមរាប។
លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន បានលើកឡើងថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយទី១ដាំលើផ្ទៃដីទំហំ៥ហិកតា ក្នុងក្រុងសៀមរាប មានជាង២ពាន់ដើម ដំណាក់ការទី២ និងទី៣ មានផ្ទៃដីទំហំ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង១ម៉ឺនដើម។
ដើមឈើដែលត្រូវដាំមាន៦ប្រភេទ រួមមានប្រភេទដើមរាំង ដើមឬស្សីស្រុក ដើមឬស្សីព្រៃ ដើមសណ្ដាន់ ដើមរំដេញ គ្រាប់ត្នោតជាដើម។ ចំពោះបច្ចេកទេសនៃការដាំកូនឈើ ត្រូវធ្វើឡើងទំហំ៥មគុណ៥ម មានន័យថា ក្នុងមួយហិកតាអាចដាំបាន៤០០ដើម៕















