គិតត្រឹមថ្ងៃទី២៥ ខែមករានេះ មានមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៧នាក់ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន២៧នាក់ហើយ ដែលទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ។ ដោយក្នុងចំណោម២៧នាក់នោះ មានអ្នកខ្លះបានបង្កើតគណបក្សនយោបាយដោយខ្លួនឯង និងខ្លះបានចូលរួមធ្វើនយោបាយជាមួយគណបក្សដែលបង្កើតថ្មី។
ថ្មីៗកន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យយត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឱ្យលោក ប្រាក់ យីកាន អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឱ្យលោក ប្រាក់ យីកាន បានធ្វើឡើងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដែលសារព័ត៌មាន AMS ទើបតែទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។
យោងតាមកំណត់ត្រាដែល AMS បានចងក្រងបានបង្ហាញថា មន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង២៧រូប ដែលទទួលបាននីតិសម្បទានយោបាយវិញ មានដូចជា៖
១. លោក គង់ គាំ អតីតឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
២. លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
៣. លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរអភិរក្ស។
៤. លោក ជីវ កត្តា អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ បង្កើតគណបក្សខ្មែរស្រលាញ់ជាតិ។
៥. លោក កង គឹមហាក់ អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៦. លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (បង្កើតគណបក្សកែទម្រង់កម្ពុជា)
៧. លោក ច័ន្ធ សិលា ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៨. លោកស្រី ទេព សិទ្ធី ទទួលបាននីតិសម្បទាឡើងវិញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។
៩. លោក ស៊ិន សុវណ្ណនី ទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩)។
១០. លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០) ។
១១. លោក តាវ គឹមឈន អតីតសមាជិកក្រុមការងារ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១២. លោក វ៉ា សាម៉ុន អតីតសមាជិកក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។ (ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០)
១៣. លោកស្រី លី ស្រីវីណា អតីតតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្នើសុំនីតិសម្បទាកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបាននីតិសម្បទាឡើងវិញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។
១៤. លោកថាច់ សេដ្ឋា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។ (ប្រភពអះអាងថា បង្កើតគណបក្សបេះដូងជាតិ)
១៥. លោកយ៉ែម បុញ្ញឫទ្ធិ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (បង្កើតគណបក្សកម្ពុជានិយម)
១៦. លោកមុត ចន្ថា ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៧. លោកឡុង គឹមឃន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៨. លោកស្រី យ៉ង់ ផាន់ណេត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
១៩. លោក ជុំ ចាន់ដារិន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។ (កឹម សុខា)
២០. លោក ឡាត់ លិតេយ្យ ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២១. លោក ទួត ឃឿត ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
២២. លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ
២៣. លោក ផាន់ ច័ន្ទសាក់ មេធាវីការពារលោកកឹម សុខា បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅដល់ក្រសួងមហាផ្ទៃជាផ្លូវការកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
២៤. លោក ស៊ុន សុភ័ក្ត្រ
២៥. លោក ឃីម ឡាគី ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
២៦. លោក ម៉ៅ សុផល ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
២៧. លោក ប្រាក់ យីកាន ទទួលបាននីតិសម្បទាឡើងវិញនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។
បើតាមមន្ត្រីជាន់ខ្ពស់អតីតនៃអតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ AMS ថា នៅមានមន្ត្រីជាន់ខ្ពស់មួយចំនួននឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើវិញទៅក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗនេះ ដោយពួកគេមិនរង់ចាំខ្មោចគណបក្សសង្គ្រោះជាតិរស់ឡើងវិញនោះទេ ហើយពួកគេក៏អស់ជំនឿលែងជឿទុកចិត្តលើទណ្ឌិត សម រង្ស៊ី ទៀតហើយ។
ចំណែកមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូប គឺមិនត្រូវបានអនុញ្ញាតិផ្តល់សិទ្ធិនយោបាយឡើងវិញ ដោយសារធ្វើសកម្មភាពបំពាននឹងសាលដីការបស់តុលាការ។ មន្ត្រីទាំង២រូបមានដូចជា លោក ជួង ជូងី និងលោក ញឹម គឹមញ៉ុល ជាសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយតុលាការ ដោយសារបុគ្គលទាំង២រូបនេះ នាពេលកន្លងមកស្ថិតនៅក្នុងរយៈពេលនៃការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ ឆ្នាំបានប្រព្រឹត្តសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងសាលដីការបស់តុលាការកំពូលដែលនឹងត្រូវផ្តន្ទាទោសនៅពេលខាងមុខ។ លោក ជូង ជូងី និង លោកញឹម គឹមញ៉ុល ជាអតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើសុំសិទ្ធិធ្វើនយោបាយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៕
ដោយៈពលជ័យ
