ណាតូបញ្ជូនកម្លាំងបន្ថែមទៀតទៅអឺរ៉ុបខាងកើត ខណៈភាពតានតឹងកើនឡើងនៅអ៊ុយក្រែន
កាលពីថ្ងៃចន្ទ ទី២៤ មករាអង្គការណាតូបាននិយាយថាពួកគេបានបញ្ចាឱ្យកងកម្លាំងមួយចំនួនត្រៀមខ្លួនដើម្បីធ្វើការចល័ត ហើយបានបញ្ជូននាវា និងយន្តហោះចម្បាំងមួយចំនួនទៅពង្រឹងការការពារអឺរ៉ុបខាងកើត ក្នុងអ្វីដែលរុស្សីថ្កោលទោសថា «ភាពឆោឡោ» របស់លោកខាងលិច ចំពោះការដាក់ពង្រាយទាហានរបស់ខ្លួននៅជិតព្រំដែនជាមួយអ៊ុយក្រែន។
ក្រសួងការពារជាតិអាមេរិក បាននិយាយថាទាហានអាមេរិកប្រមាណ ៨៥០០ នាក់ត្រូវបានបញ្ជាឱ្យមានភាពប្រុងប្រយ័ត្នខ្ពស់ ហើយឱ្យរងចាំការបញ្ជាឱ្យចល័តទៅអឺរ៉ុបខាងកើតប្រសិនបើរុស្សីឈ្លានពានអ៊ុយក្រែន។
ភាពតានតឹងបានកើនឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីរុស្សីបានដាក់ពង្រាយទាហានជាង ១០០.០០០ នាក់នៅតំបន់ជិតព្រំដែនជាមួយប្រទេសអ៊ុយក្រែន ដែលបានធ្វើឱ្យមានការព្រួយបារម្ភថារុស្សីគឺកំពុងត្រៀមឈ្លានពានអ៊ុយក្រែន។ រុស្សីបានច្រានចោលថាខ្លួនមិនមានផែនការធ្វើការឈ្លានពានទេ ហើយការឆ្លើយតបរបស់លោកខាងលិចគឺភស្តុតាងបញ្ជាក់ថារុស្សីគឺជាជនរងគ្រោះនៃអរិភាព និងមិនមែនជាអ្នកបង្កទេ។
មកដល់ពេលនេះអង្គការណាតូបានដាក់ពង្រាយទាហានពហុជាតិចំនួន ៤០០០ នាក់ជាមួយនឹងរថក្រោះ និងប្រព័ន្ធការពារដែនអាកាស ទៅពង្រឹងកងកម្លាំងនៅប្រទេសអេស្តូនី ឡាតវី លីទុយអានី និងប៉ូឡូញ។
មានការរាយការណ៍ថាក្រសួងការពារជាតិអាមេរិក គឺកំពុងបង្ហើយការងារសម្រេចថាកងកម្លាំងណាអាចត្រូវបញ្ជូនទៅកាន់អឺរ៉ុបខាងកើត។ ប្រទេសដាណឺម៉ាក អេស្ប៉ាញ បារាំង និងហូឡង់ សុទ្ធតែមានគម្រោង ឬកំពុងពិចារណាបញ្ជូនទ័ព យន្តហោះ ឬនាវាចម្បាំងទៅកាន់អឺរ៉ុបខាងកើត៕

ប្រភព៖ Reuters