រថយន្តម៉ាស័រដេស បេីកថយក្រោយចេញពីភោជនីយដ្ឋានមិនប្រយ័ត្នទៅបុករថយន្ត តូយ៉ូតា Vitz រងការខូចខាត
ភ្នំពេញ ៖ រថយន្ត តូយ៉ូតា Vitz មួយគ្រឿង ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវ ស្រាប់តែត្រូវរថយន្តស៊េរីទំនេីបម៉ាស័រដេស បេីកថយក្រោយចេញពីភោជនីយដ្ឋានមកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នៅចំណុចមុខភោជនីយដ្ឋាន សុីអាន តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកេីតហេតុគេឃេីញរថយន្តម៉ាក តូយ៉ូតា Vitz ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BN-7190 បានធ្វេីដំណេីរតាមដងផ្លូវព្រះសីហនុ ទិសដៅពីលិចមកកេីត ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបង្កម៉ាក ម៉ាស័រដេស GL320 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-3555 បានបេីកថយក្រោយចេញពីភោជនីយដ្ឋានសុីអាន មិនប្រយ័ត្ន បានបុករថយន្តតូយ៉ូតាVitzចំពីចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាត តែក្នុងករណីនេះមិនបង្កការខូចខាតដល់សម្បត្តិរដ្ឋ និងមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់ ហេីយបានឲ្យភាគីទាំងសងខាងធ្វេីការសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កម៉ាក ម៉ាស័រដេស ព្រមចេញថ្លៃខូចខាតទាំងស្រុងទៅលេីភាគីរថយន្តរងគ្រោះម៉ាក តូយ៉ូតា Vitz ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕ ដោយ ៖ ជីម ភារ៉ា



