ក្រុមហ៊ុនរបស់ជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃសំបក​គ្រាប់ស្វាយ​ចន្ទីជាប្រេង និងយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់។ល។ ជំនួសឲ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញ​ដល់បរិស្ថាន

  

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS ចូលជួបដើម្បីសម្តែងការគួសម និងស្នើសុំអនុសាសន៍មួយចំនួនទាក់ទងការវិនិយោគដំណាំស្វាយចន្ទី  និងបង្កើតរោងចក្រកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ​

លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អំពីកម្មវត្ថុវិនិយោគលើដំណាំស្វាយចន្ទី លើផ្ទៃដី ១០០០ហិតា ក្នុងខេត្តព្រះវិហារ។ ការវិនិយោគនេះមានគោលបំណងសំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរ ជាតិផ្សេងទៀត      ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ដូចជាកំប៉ុង ថង់ កែវ ទុយូ ប្រអប់។ល។ ជំនួសឲ្យវត្ថុប្លាស្ទីកដែលកំពុងបំផ្លាញបរិស្ថាន។ អ្វីដែលមានសារៈសំខាន់បំផុតនោះគឺផលិតផលជាកំប៉ុង ដប ថង់ ។ល។ ដែលផលិតចេញជាប្រេងពីសំបកគ្រាប់ស្វាយចន្ទី នឹងអាចរលាយយ៉ាងងាយស្រួលបំផុតទៅក្នុងដី ក្រោយពេលបានប្រើប្រាស់រួច។

ឯកឧត្តម វេង សាខុន បានសម្តែងនូវមតិស្វាគមន៍ និងគាំទ្រ ចំពោះកម្មវត្ថុនៃការវិនិយោគរបស់ក្រុមហ៊ុនលើផលិតកម្មគ្រាប់ស្វាយចន្ទី កែច្នៃ និងនាំចេញ។ ភ្ជាប់ទៅនឹងកម្មវត្ថុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកនាយកក្រុមហ៊ុនដោយសង្ខេបអំពី សក្តានពលនៃដំណាំស្វាយចន្ទី ទិន្នផលប្រមូលបាន និងបរិមាណនាំចេញ ជាពិសេសថ្មីៗនេះមានក្រុមហ៊ុនក្នុងស្រុកមួយសហការជាមួយក្រុមហ៊ុនជប៉ុនបាននាំចេញផលិតផលស្វាយចន្ទីកែច្នៃរួចចេញទៅកាន់ទីផ្សារជប៉ុន ហើយផលិតផលនេះត្រូវបានដាក់តាំងបង្ហាញ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនជប៉ុនទៀតផង។ ឯកឧត្តមសង្កត់ធ្ងន់ថា គម្រោងវិនិយោគនេះ នឹងនាំមកនូវពហុប្រយោជន៍យ៉ាងច្រើនដល់កសិករ សហគមន៍ និងចម្ការស្វាយចន្ទី តាមរយ:ការផ្សព្វផ្សាយបច្ចេកទេស ពូជ ជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃ និងជាពិសេសប្រើប្រាស់អស់លទ្ធភាពនូវវត្ថុធាតុដើមដ៏មានតម្លៃមួយនេះ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដែលនេះ ប្រាកដជានឹងចូលរួមបង្កើនសេដ្ឋកិច្ចគ្រួសារ ឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ ២០៣០ និង២០៥០។  ឯកឧត្តមបានផ្តល់យោបល់ឲ្យក្រុមហ៊ុន បង្កើតរោងចក្រជាជំហានដំបូង    ជាការសាកល្បងប្រើប្រាស់វត្ថុធាតុដើម (សំបក) បន្ទាប់មកធ្វើកិច្ចសន្យាប្រមូលទិញពីប្រជាកសិករ សហគមន៍ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួនទៀត សំខាន់ជាងនេះគឺស្រូបយកពលកម្មក្នុងស្រុក បង្កើតការងារ និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនលោកនាយកក្រុមហ៊ុនថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យ ទីមួយគឺមានឈ្មោះល្បីលើឆាកអន្តរជាតិថា កម្ពុជាយកសំបកគ្រាប់ស្វាយចន្ទីធ្វើជាប្រេង និងទីពីរកម្ពុជា យកសំបងគ្រាប់ស្វាយចន្ទីជាប្រយោជន៍​សម្រាប់វិស័យឧស្សាហកម្មប្លាស្ទីក កែច្នៃជាសម្ភារប្រើប្រាស់ជាពហុប្រយោជន៍ ដែលពីមុនវាមានតម្លៃស្នើសូន្យ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner