រថយន្តចំនួនបីគ្រឿង បានបុកបន្តកន្ទុយគ្នានៅពេលផ្លូវស្ទះចរាចរណ៍បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ ខណៈផ្លូវកំពុងកក់ស្ទះចរាចរណ៍មានរថយន្តមួយចំនួនបានបេីកបរសន្សឹមៗ និងរថយន្តខ្លះក៏កំពុងឈប់បន្តកន្ទុយគ្នា ស្រាប់តែមានបុរសម្នាក់បេីករថយន្តសណ្ដោងកង់តឺន័រមួយគ្រឿងយ៉ាងលឿន និងខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តហ្វតពីក្រោយពេញទំហឹង ហេីយរុញបន្តទៅបុករថយន្ដកុងតឺន័រមួយគ្រឿងទៀតពីក្រោយ បណ្ដាលឲ្យរថយន្តហ្វតរងការខូចខាតផ្នែកខាងក្រោយនិងខាងមុខយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3A-4960 ធ្វើដំណើរយ៉ាងលឿនទិសដៅពីកេីតមកលិច ខណះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក ហ្វត F150 ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8376 បេីកបរដោយនារីម្នាក់ ពេញទំហឹង រួចរុញទៅបុករថយន្ដសណ្ដោងកុងតឺន័រមួយគ្រឿងទៀតក្បាលពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 3A-5309 បណ្ដាលឲ្យរថយន្ដ ហ្វតF150 ផ្ទុះពោងទាំងពីរ រងការខូចខាតផ្នែកខាងក្រោយ និងផ្នែកខាងមុខស្ទើរតែទាំងស្រុង សំណាងល្អមិនមាននណារម្នាក់រងរបួស ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្ដទាំងបីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា



