សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា មានមូលដ្ឋានសំខាន់ៗ ចំនួន២ ដែលជាការរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ រួមមាន ៖
ទី១-ផ្អែកលើមូលដ្ឋាន នៃការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ច ទៅវិញ ទៅមក រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចនោះ ក៏នាំដល់ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យធំៗ ដូចជា ៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម ទាំងនេះជាមូលដ្ឋានទីមួយ ដែលបង្កើតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទី២-កត្តាជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ សម្ដេច បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា មានប្រជាជនភាគច្រើនប្រមាណ ៩០% បានប្រកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនានេះ ក៏ជាសាសនា ដែលត្រូវបានប្រជាពលរដ្ឋនេប៉ាល់គោរពប្រតិបត្តិផងដែរ។
បន្ទាប់ពីមានប្រសាសន៍ស្វាគមន៍រួចមក សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយសង្ខេបនូវកិច្ចការសំខាន់ៗមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ក៏ទទួលទៅលើការងារសំខាន់ចំនួន២ រួមមាន ៖ ទី១-វិស័យសន្ដិសុខ និងទី២-ការងារសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម បានសម្ដែងនូវសេចក្ដីសង្ឃឹម ក៏ដូចជា ចំណាប់អារម្មណ៍ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះអាចនឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក ទៅលើការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត នូវកិច្ចការមួយចំនួនដែលក្រសួងមហាផ្ទៃ កំពុងតែដឹកនាំអនុវត្ត ក្នុងនោះ រួមមាន ៖ ការងារកំណែទម្រង់នគរបាលជាតិ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចការទាំងពីរនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្ត ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះ ផងដែរ។
ហើយនៅក្នុងឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ហើយក៏ជាឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានប្ដូរវេនអាស៊ាន ផង។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា តួនាទីជាប្រធានអាស៊ាន គឺជាតួនាទីមួយដ៏មានសារៈសំខាន់ ហើយក៏មានកិច្ចការងារជាច្រើនដែលកម្ពុជាត្រូវតែបន្ដខិតខំសម្របសម្រួល និងដោះស្រាយ ខណៈ សម្ដេច បានចាត់ទុកថា ទាំងនេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន នៅលើឆាកអន្ដរជាតិ។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏មានសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត កម្ពុជា-នេប៉ាល់ នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍ ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែករឹតចំណង់មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងបានឯកភាពចំពោះការវាយតម្លៃរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់។ ឯកឧត្តម ក៏បានជម្រាបជូន សម្ដេចក្រឡាហោមថា ជាការពិតកន្លងមកតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិតជាបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឯកឧត្តម បានសម្ដែងការគាំទ្រចំពោះគំនិតផ្តួតផ្ដើម ក៏ដូចជាការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ក្នុងការបង្កើតឱ្យមានក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស អ្វីដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ជាមួយ នេប៉ាល់។ ដោយ-រ៉ាវុធ





