រដ្ឋបាលខេត្តបាត់ដំបង និង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ”ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍនអចលនវត្ថុ និងការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទានដល់បណ្តាក្រុមហ៊ុន សហគ្រិនពាក់ព័ន្ធកំពុងធ្វើអាជីវកម្មក្នុងខេត្ត
រដ្ឋបាលខេត្តបាត់ដំបង និង តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាដើម្បីធ្វើការផ្សព្វផ្សាយ”ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍនអចលនវត្ថុ និង ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន ដល់បណ្តាក្រុមហ៊ុន សហគ្រិនពាក់ព័ន្ធដែលបាននិងកំពុងធ្វើអាជីវកម្មក្នុងខេត្ត រយៈពេលពេញមួយព្រឹកនាថ្ងៃទី២៦ខែមករាឆ្នាំ២០២២នេះ ក្រោមវត្តមានជាអធិបតី ពីឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីធានានិងផ្តោតនូវប្រសិទ្ធភាពនៃការគ្រប់គ្រង និង ការត្រួតពិនិត្យ លើអាជីវកម្ម អភិវឌ្ឍអចលនវត្ថុដោយស្របច្បាប់ ធានានូវសមធម៌ តុល្យភាព និងផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍និងអ្នកប្រើប្រាស់ក្នុងការបង្ការនិងទប់ស្កាត់ពីហានិភ័យហិរញ្ញវត្ថុក្នុងវិស័យអចលនវត្ថុ ធានាចិរភាពនៃការអភិវឌ្ឍន៍វិស័យអចលនវត្ថុ សំដៅបង្កើននូវជំនឿទុកចិត្ត និងដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងក្នុងការរួមចំណែកដើម្បីទប់ស្កាត់សកម្មភាពការលាងសម្អាត (លុយកខ្វក់) នៅក្នុងវិស័យអាជីវកម្ម អភិវឌ្ឍអចលនវត្ថុនានា នៅក្នុងខេត្ត។
ថ្លែងបើកអង្គសិក្ខាសាលា ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង ខេត្តបាត់ដំបង និង ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានថ្លែងគូសបញ្ជាក់ទៅកាន់សមាជិក-សមាជិកា ក្នុងអង្គសិក្ខាសាលាថា៖ សិក្ខាសាលាថ្ងៃនេះ បានផ្តោតលើវិស័យចំនួន២ គឺ៖១.វិស័យអចលនវត្ថុដោយផ្តោតទៅលើសេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ។២.វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយផ្តោតទៅលើសេវាកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។ឯកឧត្តមអភិបាលរងខេត្តនិងអគ្គនាយកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តទៀតថា៖ដោយសារតែទីផ្សារអចលនវត្ថុមានការរីកចំរើនគួរឱ្យកត់សម្គាល់។ ក្រសួងបានតម្រូវទាមទារឱ្យមានបទប្បញ្ញត្តិ រឹតបណ្តឹងបន្ថែមចំពោះប្រតិបត្តិករនៅក្នុងវិស័យទាំងនេះ ដើម្បីតម្រូវទៅតាមស្ថានភាពនិងការវិវត្តន៍ នៃ ទីផ្សារបច្ចុប្បន្ននេះ។
ឯកឧត្តម អ៊ុយ សុធាវី បានផ្តោតការវាយតម្លៃនិងពីការរំពឹងទុកពីលទ្ធផលនៃអង្គសិក្ខាសាលាផ្សព្វ
ផ្សាយនេះ ក្នុងការធានាបាននូវប្រសិទ្ធិភាព នៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្ម ផ្ដល់សេវាកម្មវាយតម្លៃនិងសេវាកម្មអចលនវត្ថុនិងអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៅក្នុងខេត្តបាត់ដំបង។និងបញ្ជ្រាបការយល់ដឹងដល់អាជីវករ និងសាធារណជនដែលប្រកបសេវាកម្មវាយតម្លៃនិងសេវាកម្មអចលនវត្ថុ និងអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទាននៅក្នុងខេត្ត។ និងដើម្បីកៀងគរអាជីវករ ដែលប្រកបសេវាកម្ម ដោយពុំមានអាជ្ញាប័ណ្ណ ឲ្យចូលមកស្នើសុំអាជ្ញាប័ណ្ណស្របតាមច្បាប់។និងរក្សាបាននូវសណ្តាប់ធ្នាប់នៅក្នុងទីផ្សារ តាមរយៈការជម្រុញឱ្យមានការប្រកួតប្រជែងដោយសមភាព តម្លាភាព និងយុត្តិធម៌នៅក្នុងទីផ្សារអចលនវត្ថុនិងបញ្ចាំ តាមរយៈការបង្កើតឱ្យមានប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ក្រៅប្រព័ន្ធធនាគារឆាប់រហ័ស និងដោយស្របច្បាប់។ ជាពិសេស ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននូវក្នុងវិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាននិងដើម្បីធានាបាន នូវ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។
តាមការគូសបញ្ជាក់ពីឯកឧត្តមអគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមឲ្យដឹងផងដែរថា៖ តាមរយៈសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះគឺផ្តោតសំខាន់នូវប្រកាសលេខ០៨៩ សហវ.ប្រក ស្តីពី ” ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ”តាមរយៈបទបង្ហាញរបស់វាគ្មិនជាគ្រូឧទ្ទេសពីលោក សេង សៀងហួរ ប្រធានការិយាល័យអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។ និង ប្រកាសលេខ ០៣០ សហវ.ប្រក ស្តីពី “ការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន” ដោយលោកផៃ វណ្ណៈ អនុប្រធានការិយាល័យអាជីវកម្មបញ្ចាំ និង ប្រាតិភោគដោយអនុប្បទាន។
តាមរយៈបទបង្ហាញនេះ ក៏មានផ្តោតនូវសំណួរចម្លើយផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )





















