មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ សរុប ៧១នាក់ ដែលមានស្នាដៃ ក្នុងកិច្ចការងារបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងទួលបានប័ណ្ណសរសើរ លិខិតសរសើរ
ភ្នំពេញ៖ មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុប៧១នាក់ ដែលមានស្នាដៃល្អក្នុងកិច្ចការងារបំពេញភារកិច្ចបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសព្រហ្មទណ្ឌទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការដ្ឋាននគរបាលជាតិនៅគ្រាដែលរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា ក្នុងរយៈពេល០១ខែចុងក្រោយនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសព្រហ្មទណ្ឌសរុប៣៥ករណី ឃាត់ខ្លួនជនសង្ស័យ៧៣នាក់យកទៅចាត់ការតាមផ្លូវច្បាប់រួចនោះហើយ។ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស និងទទួលដឹកនាំបញ្ជាពង្រឹងការងារអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះមានការអញ្ជើញចូលរួមពីលោកនាយការិយាល័យចំណុះផែនការងារធនធានមនុស្ស លោកអធិការ លោកលោកស្រីអធិការរង លោកនាយផ្នែកជំនាញនិងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ បានចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរង ក៏បានមានប្រសាសន៍លើកឡើងពាំនាំនូវការកោតសរសើរ និងចូលរួមអបអរសាទរពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជាមួយមន្រ្តី នគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានខិតខំបំពេញភារកិច្ចផ្តល់សេវាសន្តិសុខ សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ និងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្នុងការផ្តល់ជូនជាការតែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ និងទទួលបានប័ណ្ណសរសើរ លិខិតសរសើរនៅក្នុង ឱកាសនេះ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើងបន្តជំរុញដល់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ គ្រប់ផ្នែក និងគ្រប់ជំនាញ ខិតខំអនុវត្តការងាររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់និងឱ្យកាន់តែមានប្រសិទ្ធភាព។ពីព្រោះលោកសង្កេតឃើញថានៅក្នុងមូលដ្ឋាននៃខណ្ឌពោធិ៍សែនជ័យ បានកើតឡើងនៅបញ្ហាបទល្មើសខ្លះមិនទាន់ដោះស្រាយឱ្យបានល្អនៅឡើយនោះទេ ជាពិសេសបទល្មើស ឆក់ ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាមផ្លូវសាធារណៈដោយបទល្មើសនេះបើមិនមានវិធានការច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់និងបង្រ្កាបជនល្មើសឱ្យមានប្រសិទ្ធភាពទេនោះ វានឹងជះឥទ្ធិពលមិនល្អ និងធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចយើង។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានលើកឡើងជំរុញ ដល់កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បន្តបង្កើនការងារល្បាតជាប្រចាំ និងការប្រចាំការនៅប៉ុស្ថិ៍នគរបាល រដ្ឋបាល២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំទទួលពាក្យបណ្តឹងរឺក៏រងចាំចេញអន្តរាគមន៍ជួយដោះស្រាយសភាពការណ៍ផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាននិងបានផ្សព្វផ្សាយសេចក្តីណែនាំលេខ០០១ សណន ស្តីពីពីការកំណត់របបប្រជុំប្រចាំខែនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៧១នាក់ដែលទទួលបានការតែងតាំងមុខតំណែងមានចំនួន១១នាក់ បំពាក់ឋានន្តរសក្តិ២០នាក់ និងទទួលបានប័ណ្ណសរសើរ លិខិតសើរ៤០នាក់៕ ដោយ / គ្រី សម្បត្តិ











