រុស្ស៊ី និងសហរដ្ឋអាមេរិកសន្យាបើកចំហរទ្វារការទូតជុំវិញវិបត្តិអ៊ុយក្រែន ប៉ុន្តែគម្លាតធំនៅតែមាន
ម៉ូស្គូ៖ រុស្ស៊ីបានបញ្ជាក់ថា ខ្លួនច្បាស់ណាស់ថា សហរដ្ឋអាមេរិកមិនមានឆន្ទៈក្នុងការដោះស្រាយក្តីកង្វល់សន្តិសុខចម្បងរបស់ខ្លួន ក្នុងការប្រឈមមុខដាក់គ្នាលើវិបត្តិអ៊ុយក្រែននោះឡើយ ប៉ុន្តែភាគីទាំងពីរបានបើកទ្វារចំហសម្រាប់ការសន្ទនាផ្លូវការទូតបន្ថែមទៀត។
សហរដ្ឋអាមេរិក និងអង្គការណាតូបានដាក់ការឆ្លើយតបជាលាយលក្ខណ៍អក្សរកាលពីថ្ងៃពុធសប្តាហ៍នេះ ចំពោះការទាមទាររបស់រុស្ស៊ី សម្រាប់ការរៀបចំឡើងវិញនូវការរៀបចំសន្តិសុខ ក្រោយសង្គ្រាមត្រជាក់នៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីខ្លួនបានប្រមូលផ្តុំកងទ័ពយ៉ាងច្រើននៅជិតអ៊ុយក្រែន ដែលបង្កឱ្យមានការភ័យខ្លាចរបស់លោកខាងលិចចំពោះការលុកលុយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីតទ្រី ផេសស្គូវ បាននិយាយថា ទីក្រុងម៉ូស្គូត្រូវការពេលវេលាសម្រាប់ការពិនិត្យ ហើយនឹងមិនប្រញាប់ប្រញាល់ក្នុងការសន្និដ្ឋាននោះទេ ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដែលពិពណ៌នាអំពីការទាមទារសំខាន់ៗរបស់រុស្ស៊ីថា មិនអាចទទួលយកបាន មិនបានទុកចន្លោះច្រើនសម្រាប់សុទិដ្ឋិនិយមនោះទេ។
ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា មធ្យោបាយដ៏ល្អបំផុតដើម្បីកាត់បន្ថយភាពតានតឹង នោះគឺអង្គការណាតូគួរតែដកកងកម្លាំងចេញពីអឺរ៉ុបខាងកើត ប៉ុន្តែក៏ព្យាយាមលុបបំបាត់ការភ័យខ្លាចនៃការឈ្លានពានផងដែរ។ បើតាមមន្ត្រីអាមេរិកនោះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅមិនទាន់សម្រេចចិត្តថាត្រូវឈ្លានពានឬអត់នៅឡើយទេ៕ ប្រភព៖ CNA




