ប្រធានាធិបតីអ៊ុយក្រែនអរគុណលោក ចូ បៃដិន សម្រាប់ការផ្តល់ជំនួយយោធាដល់ប្រទេសខ្លួន ចំពេលមានភាពតានតឹងជាមួយរុស្ស៊ី
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយលោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណចំពោះលោក បៃដិន សម្រាប់ជំនួយយោធាដែលផ្តល់ដោយសហរដ្ឋអាមេរិក។
បើតាមសេតវិមាន លោក ចូ បៃដិន បានសន្យាគាំទ្រអ៊ុយក្រែន ក្នុងការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ក្នុងអំឡុងការនិយាយទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនរបស់លោកនៅទីក្រុងគៀវ គឺលោក ហ្សេឡិនស្គី។ លោក បៃដិន បានអះអាងសារជាថ្មីអំពីការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្ត ព្រមទាំងដៃគូរបស់ខ្លួន ដើម្បីឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍ពីសេតវិមាន។
នាឱកាសនោះដែរ លោក បៃដិន បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ បន្ថែមលើនេះ លោក បៃដិន បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការគាំទ្រម៉ាក្រូសេដ្ឋកិច្ចបន្ថែម ដើម្បីជួយដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ចំពេលមានសម្ពាធដែលបណ្តាលមកពីការដាក់ពង្រាយកម្លាំងយោធារបស់រុស្ស៊ី ប៉ុន្តែលោក បៃដិន មិនបានបញ្ជាក់លម្អិតនោះទេ៕ ប្រភព៖ CGTN និង NDTV


