សាជីវកម្មធានាឥណទានកម្ពុជា (CGCC) វិនិយោគប្រមាណ ២លាដុល្លារលើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
ភ្នំពេញ៖ ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ។

នេះជាប្រសាសន៍របស់លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើឡើងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោកឆារស៍ វ៉ាន់ ជាអគ្គនាយករង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) តំណាងដោយលោក Wong Keet Loong ជាអគ្គនាយក សម្រាប់ការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានា ៨ពាន់លានរៀលរបស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។

នាឱកាសនោះដែរ លោក Wong Keet Loong បន្តថា ពួកយើងពិតជាមានក្តីសោមនស្សនៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា។ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30% ដែលបានចំណាយទឹកប្រាក់សរុប 390 លានដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ក៏បានវិនិយោគ ១០លានដុល្លារបន្ថែមលើមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ៕

