រដ្ឋមន្រ្តីក្រសួងអប់រំ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងវិស័យអប់រំ នៃប្រទេសទាំងពីរ

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ ឯកឧត្តម Saud F. M. Al Suwelim ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។ ជំនួបសម្ដែងការគួរសមនេះ មានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋខ្មែរឥស្លាម ជាពិសេសការផ្ដល់លទ្ធភាពដល់សិស្សានុសិស្សខ្មែរឥស្លាម ឱ្យទទួលបានការអប់រំគ្រប់ៗគ្នា និងបានអនុញ្ញាតឱ្យបង្កើតសាកលវិទ្យាល័យមួយសំរាប់សិស្សខ្មែរឥស្លាម។

ជាមួយគ្នានេះដែរ ដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានលើកឡើងអំពីការផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស និងនិស្សិត ទៅបន្តការសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្រាប់ការបណ្ដុះបណ្ដាលខាងផ្នែកជំនាញ និងសង្ឃឹមថាសិស្សានុសិស្ស និងនិស្សិតដែលបញ្ចប់ការសិក្សាមានសមត្ថភាពចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner