គណៈបញ្ជាការខណ្ឌកំបូល សហការជាមួយអាវុធហត្ថ ចុះបង្រ្កាបល្បែងចិន ឃាត់ទាំងមនុស្ស និងដកហូតសម្ភារមួយចំនួន
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល សហការជាមួយកម្លាំងអាវុធហត្ថ និងព្រះរាជអាជ្ញារង ចុះបង្ក្រាបល្បែងមួយកន្លែងដែលបើកដោយជនជាតិចិនឃាត់មនុស្សប្រុសស្រីជាច្រើននាក់និងដកហូតសម្ភារៈមួយចំនួន ។ ការចុះបង្ក្រាបខាងលើកាលពីវេលាព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២២ ទីតាំងស្ថិតនៅផ្ទះលេខ ១៥៦ ផ្លូវលេខ ៣ ក្នុងបុរីពិភពថ្មីកំបូល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្នុងហេតុការណ៍ចុះបង្ក្រាបល្បែងស៊ីសងដោយខុសច្បាប់ខាងលើ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយប៉ុន្តែបែរជាខាងអាជ្ញាធរក៏ដូចជាកម្លាំងអាវុធហត្ថមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយឡើយ ដោយមិនដឹងថាមកពីមូលហេតុអ្វី? ។
តាមប្រភពពីប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញផ្ទះដែលលួចបើកល្បែងដោយជនជាតិចិនខាងលើបានឱ្យដឹងដែរថា ការបើកល្បែងស៊ីសងដោយខុសច្បាប់ដែលសង្ស័យម្ចាស់ទីតាំងគឺជាជនជាតិចិនគឺបើកលេងយ៉ាងរលូនជាយូរណាស់មកហើយប៉ុន្តែមិនដែលឃើញមានកម្លាំងចម្រុះណាចុះបង្ក្រាបឡើយទើបមកដល់ព្រឹកថ្ងៃទី២៨ ខែមករានេះ គេឃើញមានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូលសហការជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌកំបូល ចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីជាច្រើននាក់ ថែមទាំងដកហូតសម្ភារជាច្រើន។
ក្រោយពីចុះបង្រ្កាបទីតាំងល្បែងខាងលើ ឃាត់បានមនុស្សប្រុសស្រីជាច្រើននាក់ និងដកហូតសម្ភារ:ល្បែងជាច្រើនយកទៅផ្នែកជំនាញដើម្បីបន្តនិតិវិធី ចំណែកទីតាំងបិទបណ្តោះអាសន្ន៕ដោយ៖ តុង សីហា







