ចិនប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចង់ឃើញភាគីទាំងអស់ដែលពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនរក្សាការអត់ធ្មត់ ដើម្បីចៀសវាងបង្កើនភាពតានតឹង

ប៉េកាំង៖ ចិនបានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចង់ឃើញភាគីទាំងអស់ដែលពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែនរក្សាភាពស្ងប់ស្ងាត់ និងបញ្ចៀសរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យស្ថានការណ៍កាន់តែតានតឹង ខណៈដែលសហរដ្ឋអាមេរិកបានព្រមានពីហានិភ័យផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ការថ្លែងបែបនេះរបស់ចិនបានកើតមានឡើងក្នុងអំឡុងរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានធ្វើកិច្ចពិភាក្សាគ្នាតាមប្រព័ន្ធទូរស័ព្ទ ទាក់ទិននឹងវិបត្តិអ៊ុយក្រែននៅក្នុងថ្ងៃ ពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក វ៉ាង​ បានប្រាប់ទៅកាន់លោក ប្លីងគែន យ៉ាងដូច្នេះថា យើង​សូម​អំពាវនាវ​ដល់​គ្រប់ភាគី​ទាំងអស់ ​រក្សា​ភាពស្ងប់ស្ងាត់ និង​ចៀសវាង​ធ្វើ​អ្វី​ដែល​បង្ក​ភាព​តានតឹង និង​ដុតបញ្ឆេះវិបត្តិនេះ​។ នាឱកាសនោះដែរ ប្រមុខការទូតអាមេរិកក៏បានអំពាវនាវអោយចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលអោយរុស្ស៊ីដើរតាមដំណោះស្រាយការទូត ជុំវិញវិបត្តិអ៊ុយក្រែន ដែលកំពុងបង្កហានិភ័យផ្ទុះសង្រ្គាមផងដែរ។

យ៉ាងណាមិញ បើតាមមន្ត្រីជាន់ខ្ពស់អាមេរិកនោះ រុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែននៅពាក់កណ្ដាលខែកុម្ភៈខាងមុខ បើទោះជារុស្ស៊ីបដិសេធថា ខ្លួនគ្មានផែនការវាយប្រហារណាមួយលើប្រទេសដទៃក៏ដោយ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner