លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ២៦-២៩ ខែមករា ឆ្នាំ២០២២
តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិង សហប្រតិ បត្តិ ការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២ សំដៅជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចផ្លូវការ នាពេលនេះ ស្របជាមួយការប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅក្នុងឆ្នាំ២០២២នេះ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកជំទាវបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ បានអញ្ជើញចូលជួប សម្តែង ការ គួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណា ចក្រកម្ពុជា ។ នៅក្នុងសាវនាការ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យប្រទេសទីម័រខាងកើតពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិការ ជាពិសេសពិនិត្យឲ្យមានកិច្ចសន្យានិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ ផងដែរ។
លោកជំទាវរដ្ឋមន្រ្តី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាពជិតស្និទ្ធ និងការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្នលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទេសចរណ៍ អប់រំនិងការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។
ចំពោះវិស័យពាណិជ្ជកម្មនិងការវិនិយោគ ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការបន្តសន្ទុះនៃសកម្មភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ តាមរយៈការលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធរបស់ខ្លួនអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលបានចុះហត្ថលេខារួចនាពេលកន្លងមក រួមមាន៖ (១) អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកទេស (២) កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច និង (៣) អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានលើកទឹកចិត្តឱ្យពន្លឿនការចរចាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងនានា លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម អប់រំ និងសេវាកម្មផ្លូវអាកាស ដែលនៅមិនទាន់បានឯកភាពគ្នាផងដែរ។
សម្រាប់កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្ត្រីការបរទេសទាំងពីរបានអបអរសាទរគ្នាទៅវិញទៅមកចំពោះការទប់ស្កាត់បានដោយជោគជ័យនូវការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសរៀងៗខ្លួន និងចំពោះការបើកប្រទេសរបស់ខ្លួនបន្តិចម្តងៗ តាមរយៈការរស់នៅ និងសម្របខ្លួនតាម «គន្លងថ្មី»។ លោកជំទាវរដ្ឋមន្រ្តីការបរទេសទីម័រខាងកើត បានសម្តែងជាថ្មីម្តងទៀតនូវអំណរអរគុណរបស់រដ្ឋាភិបាលទីម័រខាងកើតចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ម៉ាស និងសម្ភារៈវេជ្ជសាស្រ្តដល់ប្រទេសទីម័រខាងកើតក្នុងអំឡុងពេល ការរីករាលដាលនូវជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០២០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលយកការអញ្ជើញរបស់ លោកជំទាវ រដ្ឋមន្រ្តី ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅទីម័រខាងកើត តាមពេលវេលាសមស្រប ។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរលើបញ្ហានានាដែលជាផលប្រយោជន៍រួម និងបានសម្តែងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹងនៅក្នុងវេទិកាពហុភាគីនានា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់កម្ពុជាចំពោះសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។ លោកជំទាវ អាដាល់ជីហ្សា ម៉ាកណូ បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់កម្ពុជាដែលបន្តគាំទ្រសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត និងបានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យត្រចះត្រចង់ក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកជំទាវបណ្ឌិត អាដាល់ជីហ្សា ម៉ាកណូ ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផងដែរ៕




