តា និងយាយទៅចំការ ចៅកាន់ដែកកេះដុតសំរាមលេង បង្កជាអគ្គីភ័យលេបត្របាក់ផ្ទះអស់ពីខ្នងទាំងស្រុង នៅស្រុកគូលែន ខេត្តព្រះវិហារ

ព្រះវិហារ ៖ ផ្ទះឈើពីរខ្នងទំហំ ៨×៩ម៉ែត្រ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តា រួមនិងឈើគ្រឿងសម្រាប់ធ្វើផ្ទះរបស់កូន ដែលរៀបគរនៅខាងក្រោម មិនទាន់បានលើក ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង បើទោះបីជាមានការជួយអន្តរាគមន៍ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្តី ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង៣ រសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ នៅក្នុងករណីនេះឡើយ ។

យោងតាមសេចក្តីរាយការណ៍ ដែលភ្នាក់ងារយើងទទួលបានពីសមត្ថកិច្ច បានឲ្យដឹងថា ចំពោះករណីនេះ គឺបណ្ដាលមកពីក្មេង ត្រូវជាចៅ កាន់ដែកកេះដុតសំរាមលេងខាងក្រោយផ្ទះ ទើបបណ្តាលឲ្យកើតមានអគ្គីភ័យឡើង។ ស្របពេលដែលពួកគាត់ចេញទៅចំការបាត់ បន្សល់ទុកចៅនៅជាមួយម្តាយ ដែលកំពុងកូនខ្ចីនៅចាំផ្ទះ ។

ក្រោយកើតហេតុ គេសង្កេតឃើញមានវត្តមាន កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រួមនិងបងប្អូនប្រជាពលរដ្ឋជាច្រើន បានចេញមកជួយអន្តរាគមន៍ពន្លត់ដែរ។ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ដោយសារការឆេះខាងលើនេះមានល្បឿនលឿន។

ចំពោះហេតុការណ៍អគ្គីភ័យនេះដែរ សមត្ថកិច្ចបានប្រើប្រាស់ ទឹកអស់ចំនួន ៥រថយន្ត ស្មើ ២៥០០០លីត្រ ទើបធ្វើឲ្យភ្លើងរលត់ទាំងស្រុង នៅម៉ោងប្រមាណជាង ៤ ។ ចំពោះទ្រព្យសម្បត្តិដែលរងការខូចខាតរួមមាន ប្រាក់ដុល្លារ ចំនួន ១ម៉ឺនដុល្លារ, មាស ចំនួន ៨ជី, គ្រឿងឈើទុកធ្វើផ្ទះ ចំនួន ១០ម៉ែត្រគីប, ឈើទុកធ្វើតុ ទូរ ទ្វារ គ្រែ ចំនួន ៤ម៉ែត្រគីប, ស្រូវ ចំនួន ៤៥បេ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕ សួនលីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner