ពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តស្តីទីវត្ត គ្រូសូត្រស្តាំស្តីទីនិងស្រោចសុគន្ធវារីនៅវត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោលស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅថ្ងៃសុក្រ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនិងថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២២ នៅវត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោល ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសតែងតាំងព្រះចៅអធិការវត្តស្តីទី គ្រូសូត្រស្តាំស្តីទី ក្រោមព្រះអធិបតីភាព ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស
និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណ
ស្រុករលាប្អៀរ ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ បានអានសង្ឃដីកាសម្រេចរបស់សាលាគណខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងព្រះគ្រូ យសភិបាលមុនី ស៊ុន យីម ជាព្រះចៅអធិការស្តីទី និង ភិក្ខុ ផុន ភាន ជាគ្រូសូត្រស្តាំស្តីទីវត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោល ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកាថា ការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃនាពេលនេះ គឺដើម្បីបំពេញឱ្យបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនាដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីកាទៀតថា វត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំងស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និង សង្គមជាតិ ។
នៅចុងបញ្ចប់ព្រះមេត្តិសត្ថា វង្ស កុសល លោក ផៅ ស្រៀង អភិបាលរងស្រុករលាប្អៀរ និងលោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ បានប្រគេនសង្ឃដីកាសម្រេចរបស់សាលាគណខេត្តនិងត្រាដល់ព្រះចៅអធិកាស្តីទី សង្ឃដីកាសម្រេចដល់គ្រូសូត្រស្តាំនិងស្រោចស្រពព្រះសុគន្ធវារីដល់ព្រះចៅអធិការស្តីទីវត្តនិងគ្រូសូត្រស្តាំផងដែរ៕សុខ គឹមសៀន