អភិបាលខេត្តព្រះសីហនុ រំលឹកដដែលៗឱ្យពន្លឿនការផ្តល់សេវាសាធារណៈឱ្យបានលឿន និងមានតម្លាភាព
ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវានៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ជាថ្មីម្តងទៀត បន្ទាប់ពីបានស្វែងយល់ឃើញថា ការផ្តល់សេវារាល់ថ្ងៃនេះនៅមានភាពយឺតយ៉ាវ និងធ្វើមិនទាន់បានល្អ ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកំណែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ ដោយបានផ្តល់អំណាចដល់ថ្នាក់ក្រោមជាតិ ឱ្យកៀកកិតពលរដ្ឋក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកាត់បន្ថយទាំងពេលវេលា និងចំណាយ ប៉ុន្តែនៅតែមានការយឺតយ៉ាវ ។
ឯកឧត្តម គួច ចំរើន និយាយថា ការផ្តល់សេវាសព្វថ្ងៃនៅមានការយឺតយ៉ាវណាស់ ត្រូវតែពន្លឿនសេវាជូនបំរើអតិថិជនឱ្យបានលឿន ។
ចាប់ពីឆ្នាំ២០២២នេះទៅត្រូវធ្វើកាបេ្តជ្ញាចិត្ត ក្នុងការផ្តល់សេវាឱ្យបានលឿន មានតម្លាភាព និងដោយការទទួលខុសត្រូវខ្ពស់ ។
បើតាមឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ចាប់ពីពេលនេះទៅ ហាមដាច់ខាតមិនអនុញ្ញាតិឱ្យអតិថិជនកាន់ឯកសារទៅកាន់មន្ទីរ អង្គភាពផ្ទាល់ខ្លួនឡើយ ។ មន្ត្រីជួរមុខនិងជួរក្រោយត្រូវកាន់ឯកសារទៅមន្ទីរ អង្គភាពពាក់ព័ន្ធដោយខ្លួនឯង ។
មន្ត្រីរផ្តល់សេវានៅតាមច្រកចេញចូលតែមួយត្រូវតែធ្វើជូនអតិថិជនឱ្យបានទាន់ពេលវេលា ៕