អនុវិស័យធំៗចំនួន៥ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបិទបញ្ជាប់ ជាបន្តបន្ទាប់ និងត្រៀមរៀបចំមហាសន្និ បាទ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខ
រយៈពេញមួយសប្តាហ៍កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅលើអនុវិស័យធំៗចំនួន ៥ គឺ៖អនុវិស័យព្រៃឈើ; ជលផល; កសិកម្ម(ដំណាំ); សុខភាពសត្វ និងផលិតកម្មសត្វ, និងអនុវិស័យកៅស៊ូ ជាបន្តបន្ទាប់ ដើម្បីត្រៀមរៀបចំមហាសន្និបាទកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលដ៏ខ្លីខាងមុខ។ ដោយឡែកសម្រាប់ថ្ងៃសុក្រ ទី២៨ ខែមករា ២០២២ អគ្គនាយកដ្ឋានកៅស៊ូ បានរៀបចំបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើក ទិសដៅអនុវត្តបន្តឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី និងមានវត្តមានឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវទីប្រឹក្សាក្រសួង ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ តំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករកៅស៊ូ និងមន្រ្តីក្រោមឱវាទក្រសួង ចូលរួមយ៉ាងច្រើនកុះករ។
មិនខុសពីអនុវិស័យធំៗចំនួន៤ ដែលទើបបានបញ្ចប់កិច្ចប្រជុំរបស់ខ្លួន ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរ និងវាយតម្លៃខ្ពស់លើសមិទ្ធផលដែលអគ្គនាយកដ្ឋានកៅស៊ូសម្រេចបាន។ ភាពជោគជ័យនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា វាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ក្រោមឱវាទ ដោយយកអស់ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនទៅតាមចំណេះ ជំនាញ និងបទពិសោធន៍ ឈរលើមាគាររួមមួយគឺការអភិវឌ្ឍឧស្សាហ កម្មកៅស៊ូធម្មជាតិឱ្យកាន់តែរីកចម្រើន មានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង ធានាបានគុណភាព និងតម្លៃ តាមរយៈការដាក់បញ្ចូលផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិ ទៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ឱ្យ សម្រេចជោគជ័យតាមគោលដៅ។ ដោយឡែក កិច្ចប្រជុំ ២ថ្ងៃកន្លងមកនេះថ្នាក់ដឹកនាំ មន្រ្តីជំនាញ តួអង្គពាក់ព័ន្ធបានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម ចំណុចខ្លាំង-ខ្សោយ និងរិះរកវិធានការដំណោះស្រាយ ផ្តល់ទស្សនទានថ្មីៗ ថែមទៀតដើម្បីអភិវឌ្ឍវិស័យកៅស៊ូឱ្យទទួលបានជោគជ័យ ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កៅស៊ូធម្មជាតិឆ្ពោះទៅឆ្នាំ២០៣០។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បាន ផ្តល់នូវអនុសាសន៍ និងវិធានការ សំខាន់ៗមួយចំនួនទៀត ដែលជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះអនុវត្តបន្តឲ្យទទួលបានជោគជ័យ ក្នុងនោះមានដូចជា ៖ ១) ពង្រឹងកិច្ចសហការជាមួយក្រុមហ៊ុន វិនិយោគ និងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដាំកៅស៊ូ រួមទាំងគ្រួសារ។ ២) យកចិត្តទុកដាក់ទីផ្សារនាំចេញផលិតផលកៅស៊ូ។ ៣) ពង្រឹងការងារគ្រប់គ្រងស្ថានីយ មជ្ឈមណ្ឌលស្រាវជ្រាវពូជ ជំងឺ សត្វ ល្អិតចង្រៃ និងការ កែច្នៃ ដោយត្រូវសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។ ៤) ជំរុញចងក្រង និងពង្រឹងសហគមន៍កសិករកៅស៊ូគ្រួសារ។ ៥) ជំរុញការអភិវឌ្ឍឧស្សាហកម្មកែឆ្នៃកៅស៊ូធម្មជាតិនៅកម្ពុជា។ ៦) ត្រូវបន្តកៀរគរ និងស្វែងរកប្រភពហិរញ្ញប្បទាន ឬបច្ចេកវិទ្យាថ្មីៗពីដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ដើម្បីទទួលបានការរីកចម្រើនថ្មីៗទៀតក្នុងអនុវិស័យនេះ៕