បុរសម្នាក់ស្លាប់ ភ្លាមៗ ឯអ្នកបង្កគេចខ្លួនបាត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅផ្លូវព្រះសីហនុ
ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ ឯអ្នកបង្ករបួសស្រាលបានគេចខ្លួនបាត់ កាលពីវេលាម៉ោង០៨និង៤០នាទីព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ស្ថិតនៅស្តុបវិទ្យាល័យព្រះយុគន្ធរ ផ្លូវ២៧៤ ( ព្រះសីហនុ ) កែងនឹងផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ក្នុងហេតុការណ៍នោះគឺ បុរសវ័យចំណាស់ម្នាក់ជាអ្នកដឹកនំបុ័ងជាប្រចាំថ្ងៃ បានរងរបួសស្រាលផ្នែកជើងបន្តិចបន្តួច បានគេចខ្លួនបាត់ស្រមោល គាត់ជិះម៉ូតូឌ្រីមសង់សេ១២៥ សេរី២០០៧ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1J-8827 បើកបរពីលិចទៅកើតតាមបណ្តោយផ្លូវ១០៥ មកដល់ស្តុបព្រះយុគន្ធរក៏បានបុកជាមួយម៉ូតូជនរងគ្រោះ ម៉ាកឌ្រីមសង់សេ១២៥ សេរី២០១៦ ពណ៌ខ្មៅលាយខៀវផ្លាកលេខ ភ្នំពេញ 1FV-7332 ដែលបើកបរពីជើងទៅត្បូងតាមបណ្តោយផ្លូវ២៧៤ ព្រះសីហនុ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្ន នេះ ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីស្រាវជ្រាវនិងដោះស្រាយនាពេលក្រោយ ដោយឡែកសពជនរងគ្រោះរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ជីម ភារ៉ា