ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នា នៅក្នុងថ្ងៃនេះ គឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”
ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ ឯកឧត្តមមានប្រសាសន៍ថា “ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នាគឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថា ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មានប្រសាសន៍ដូចនេះ កាលពី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះសិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអាណាព្យាបាលសិស្សនិទ្ទេស A នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ ឯកឧត្តមបាននាំយកអំណោយលើកទឹកចិត្តជូនប្អូនៗសិស្សនិទ្ទេស A មានដូចជាកុំព្យូទ័រយួរដៃ សៀវភៅ និងដបអាល់កុល។
ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញ ដែលជាជំនួយដល់ការសិក្សារបស់ប្អូនៗពីចម្ងាយ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរ ផ្ដាំផ្ញើរឲ្យប្អូនៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគត ដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕





