គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជ្រើស រើសសមាសភាពគណៈកម្មការរាជធានី- ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ រាជធានី-ខេត្ត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើលទ្ធផលនៃការជ្រើសរើសសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង២៥ ដែលមានចំនួនសរុប ១៧៥រូប បានប្រឡងជាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។

សមាសភាពដែលប្រឡងជាប់សម្រាប់រាជធានី-ខេត្តនីមួយៗមានចំនួន៧រូប ដោយឆ្លងកាត់វិញ្ញាសារប្រឡងសំណួរសរសេរ-QCM និងសម្ភាសន៍ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ហើយដែលមានមុខតំណែង៖

ទី១៖ ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត
ទី២៖ អនុប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត
ទី៣៖ សមាជិកទទួលបន្ទុកផ្នែករដ្ឋបាល
ទី៤៖ សមាជិកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ
ទី៥៖ សមាជិកទទួលបន្ទុកផ្នែកប្រតិបត្តិការបោះឆ្នោត និងបច្ចេកទេស
ទី៦៖ សមាជិកទទួលបន្ទុកផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត
និងទី៧៖ សមាជិកទទួលបន្ទុកផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

ក្នុងការប្រឡងជ្រើសរើសនេះ មានមន្ត្រីរាជការ គ.ជ.ប ដែលបម្រើការងារនៅលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) មួយចំនួន បានដាក់ពាក្យប្រឡង ហើយបានជាប់ជាប្រធាន ឬជាអនុប្រធាន ឬជាសមាជិកនៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលជាហេតុធ្វើឱ្យកន្លែងមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត មួយចំនួននៅទំនេរ។    អនុលោមតាមស្មារតីមាត្រា២៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប សម្រេចតែងតាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ដោយប្រគល់ភារកិច្ចជូនអគ្គលេខា-ធិការ គ.ជ.ប ក្នុងការរៀបចំសមាសភាពនេះ។   ក្នុងដំណើរការរៀបចំសមាសភាពខាងលើ អគ្គលេខាធិការ គ.ជ.ប ត្រូវផ្ដល់អាទិភាពចំពោះប្រធានផ្នែកនៃ លធ.ខប ដែលមិនបានជាប់ក្នុងសមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ឬក្នុងករណីចាំបាច់ អគ្គលេខាធិការ គ.ជ.ប អាចពិនិត្យមើលសមាសភាពក្នុងចំណោមបេក្ខជនប្រឡងមុខតំណែងប្រធាន ឬអនុប្រធាន ឬសមាជិកណា ដែលមានគុណសម្បត្តិ លក្ខណសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារក្នុងមុខតំណែងទំនេរនេះ។ 

សមាសភាពគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ១៧៥រូប នឹងត្រូវបំពេញភារកិច្ចចាប់ពីថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner