សម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដា្ឋនសាងសង់ស្ពានអាកាស តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប និងផ្លូវជាតិលេខ៥ នៅព្រឹកថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត១០លានដុល្លារអាមេរិក។ គម្រោងស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ ។
នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា តាមរយ:ការសាងសង់ស្ពានអាកាសត្រង់ចំនុចនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលការកកស្ទះចរាចរណ៍ ខណៈដែលតំបន់នេះ កំពុងមានគម្រោងអភិវឌ្ឍន៍ជាច្រើន។ សម្តេច បានសម្តែងការអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍នៅតំបន់នៅតំបន់ជ្រោយចង្វារនេះ។ សម្តេចតេជោបានមានប្រសាសន៍រំលឹកថា នយោបាយអភិវឌ្ឍន៍ប្រទេសជាតិយើង គឺនៅតែផ្តោតលើអាទិភាពទាំង៤ គឺ ទឹក , ផ្លូវ ,ភ្លើង និងធនធានមនុស្ស ដែលក្រោយមកយើងបានប្តូរទិសយកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអាទិភាពទាំង៤នេះ យើងបានដាក់ចេញតាំងពីក្រោយថ្ងៃរំដោះប្រទេសជាតិមកម្លេះ។
សម្តេចតេជោ បានសម្ដែងនូវមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ និងថា ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស ពេលដែលកូវីដ-១៩ មានកាធូរស្រាល និងក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជាយើង បានចាក់វ៉ាក់សាំងកូវីដ-១៩បានច្រើននោះ ។
សម្តេចតេជោបានបញ្ជាក់ថា មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្តគ្រប់ទិសទីបាន ដែល កត្តាទាំង៤នោះរួមមាន៖ ទី១ កត្តា សន្តិភាព បើគ្មានសន្តិភាពទេប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តគ្រប់ទីកកន្លែងនោះទេ , ទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា មានផ្លូវ មានស្ពាន ស្ទើគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ គឺយើងមិនអាចឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតនោះទេ , ទី៣ គឺកត្តាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកើនឡើង ទាំងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ និងឯកជន ជាពិសេសមធ្យោបាយដឹកជញ្ជូនឯកជននេះគឺប្រជាពលរដ្ឋមានទាំងរថយន្ត មានទាំងម៉ូតូ ដែលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ , និងទី៤ កត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានន័យថា បើប្រជាពលរដ្ឋមិនមានប្រាក់ទេ ពួកគាត់មិនអាចធ្វើដំណើរកម្សាន្តបានឡើយ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីផ្លូវតភ្ជាប់នៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ ។ សម្តេច ថា ការតភ្ជាប់របស់យើង គឺវិលជុំទូទាំងប្រទេស នៅសល់តែចន្លោះមួយទេ ដែលមិនទាន់តភ្ជាប់បាន ហើយសម្ដេចជឿថា ក្នុងរង្វង់ឆ្នាំ២០២៣ ឬឆ្នាំ២០២៤ យើងហ្នឹងតភ្ជាប់បានហើយ គឺការតភ្ជាប់នៅតាមព្រំដែនកម្ពុជា-ថៃ គឺការតភ្ជាប់ពីកាត់មកខេត្តពោធិ៍សាត់ កាត់ទៅខេត្តកោះកុង អញ្ចឹងទូទាំងប្រទេសរបស់យើង យើងមានផ្លូវតភ្ជាប់ទាំងអស់ ដោយធ្វើដំណើរទៅមុខ ហើយមិនចាច់បកថយក្រោយទេ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅអ្នកវិភាគថា សន្តិភាពផ្លូវចិត្តរបស់អស់លោក ខ្ញុំមិនអាចការពារបានទេ គឺដោយសារអស់លោកប្រព្រឹត្តខុសខ្លួនឯង តែខ្ញុំបានធានាការពារអាយុជីវិតរបស់ពលរដ្ឋបាន តាមរយៈសុខសន្តិភាព។ សម្តេច ថា មនុស្សតែងមានចិត្តខុសៗគ្នា ហើយអ្នកខ្លះទៅលួចគេ ខ្លះក្បត់គ្នា ខ្លះប្រព្រឹត្តខុសច្បាប់ អ្នកនោះច្បាស់ជាគ្មានសន្តិភាពផ្លូវចិត្តនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពីការនាំឯកឧត្តម ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្ស ដើម្បីទូលថ្វាយព្រះអង្គអំពីការងារមួយចំនួន ។ សម្តេចតេជោ បានបង្ហាញការហួសចិត្តចំពោះអ្នកវិភាគដែលបានវិភាគរឿងសម្តេចបាននាំឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅក្នុងព្រះបរមរាជវាំង កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ។ សម្តេច បានបន្តថា ហ៊ុន ម៉ាណែត បានខិតខំខ្លាំងណាស់កន្លងទៅកំឡុងពេលកូវីដ ម៉ាណែតបានខំការពារដើម្បីឱ្យរាជវាំងមានសុវត្ថិភាពជៀសឆ្ងាយពីកូវីដ រឿងអ្វីដែលខ្ញុំនាំ ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រមិនបាន? ។ សម្តេចក៏បានបង្ហើបដែរថា ខ្ញុំត្រូវគាល់ថ្វាយព្រះអង្គអំពីការងារមួយចំនួន ទាំងការងារទប់ស្កាត់កូវីដ និងក៏បានគាល់ព្រះអង្គថា ថ្ងៃក្រោយទូលព្រះបង្គំនឹងដកខ្លួន ដោយ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាថ្ងៃអនាគត ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា សារព័ត៌មានអន្តរជាតិ បានចុះផ្សាយថា ពេលនេះ វ៉ាក់សាំងទប់ទល់បានជាមួយអូមីក្រុង គឺវ៉ាក់សាំងរបស់ចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ខណៈនៅថ្ងៃនេះ ករណីឆ្លងថ្មីអូមីក្រុង មានចំនួន ៥៦នាក់ ។ សម្តេចបានបន្ថែមថា ដែលតា អាល់ហ្វាអស់ហើយ នៅសល់តែអូមីក្រុងតែប៉ុណ្ណោះ ពេលនេះមានជាង ៨០០ករណី តែមានសារព័ត៌មានអន្តរជាតិ ចុះផ្សាយថា ពេលនេះវ៉ាក់សាំងទប់ទល់ បានជាមួយអូមីក្រុង គឺវ៉ាក់សាំងរបស់ចិន ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា វ៉ាក់សាំង ៨លានដូស ដែលក្នុងនោះជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីមិត្តចិន ចំនួន ៥លានដូស បញ្ជាទិញ៣លានដូសបន្ថែមទៀត នឹងមកដល់នៅឆមាសទី១ ឆ្នាំនេះ ។ សម្តេច បានបញ្ជាក់ដូច្នេះថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើង មានជាង៩លានដូស តែខ្ញុំ បានចេញបទបញ្ជាឲ្យទិញបន្ថែម ដំបូងឲ្យទិញ៥លានដូស ពេលជួបទូតចិន គាត់ថា មិនបាច់ទិញទេ ទុកលុយទៅ ចិននឹងផ្តល់ជូន ៥លានដូស អីចឹងខ្ញុំឲ្យទិញតែ ៣លានដូសទេ។ ខ្ញុំចង់ទិញ ៨លានដូសថែមទៀតមកចូលឃ្លាំង ប៉ុន្តែថ្ងៃមុននៅពេលដែលអគ្គរដ្ឋទូតចិន ជួបឯកឧត្តម ហោ ណាំហុង គាត់ថានឹងផ្តល់ជំនួយជូនកម្ពុជាតាមតម្រូវការ ឥឡូវគាត់ឲ្យ៥លានដូស បូកនឹងទិញបន្ថែម ៣លានដូសទៀត សរុប ៨លានដូសនឹងមកដល់នៅឆមាសទី១ ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្ពុជា បានចាក់វ៉ាក់សាំងដូសទី៣ បានប្រមាណ ៦លាននាក់ ដូច្នេះបងប្អូន ដែលដល់ពេលវេលាត្រូវចាក់ជូនបន្តទៀត ខណៈដូសទី៤ កំពុងចាក់ជូនមន្ត្រីជួរមុខ។ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលមានការឆ្លងរាលដាលលឿន ដោយត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ៣ការពារ ៣កុំ ក្រៅពីការធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅក្នុងឱកាសសែនចូលឆ្នាំចិន និងវៀតណាមនេះ ៕ ដោយ វណ្ណលុក














