ស្ថានទូតឥណ្ឌាប្រចាំកម្ពុជារៀបចំពិធីអបអរសាទរទិវាសាធារណរដ្ឋឥណ្ឌាលើកទី៧៣
ភ្នំពេញ៖ ឆ្នាំនេះជាខួបលើកទី៧០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌាទៅលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដែលតម្លៃនៃកិច្ចសហប្រតិបត្តិការនេះ ក្លាយជាឧត្តមប្រយោជន៍ដល់កម្ពុជា ក៏ដូចជាប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ការថ្លែងបែបនេះរបស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រូវបានធ្វើឡើងនាឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីភាពក្នុងពិធីស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៣ នៃទិវាសាធារណរដ្ឋ នាសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ។ ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល នៅក្នុងពិធីនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងនូវសារអបអរសាទរដល់សាធារណរដ្ឋឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសឱ្យក្លាយទៅជាប្រទេសឧស្សាហកម្មធំបំផុតនៅក្នុងពិភពលោក។

ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ដេវយ៉ានី អ៊ុតតាម ខូប្រាកាដេ (Dr. Devyani Uttam Khobradade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគឺជាមិត្តជិតស្និទ្ធិ និងជាដៃគូរសហប្រតិបត្តិការដ៏សំខាន់លើកិច្ចអភិវឌ្ឍន៍ ហើយក៏នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ។ ដោយសំដៅលើទំនាក់ទំនងដ៏ចាស់ទុំរវាងប្រទេសទាំងពីរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាបានបញ្ជាក់ថា វានាំឱ្យខ្ញុំរីករាយដែលឥឡូវនេះងាកទៅរកទំនាក់ទំនងដ៏កក់ក្តៅបំផុតដែលឥណ្ឌាចែករំលែកជាមួយបងប្អូនស្រីដែលមានអរិយធម៌របស់ប្រទេសកម្ពុជា។ នៅឆ្នាំនេះចាប់ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ យើងនឹងប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង។ ប៉ុន្តែទំនាក់ទំនងខាងវិញ្ញាណ និងអរិយធម៌របស់យើងបានត្រឡប់ទៅវិញយ៉ាងជ្រៅរាប់ពាន់ឆ្នាំ។

ទន្ទឹមនេះ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាក៏បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ឥណ្ឌា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជំរុញទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែឥណ្ឌា និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ទាំងមូលផងដែរ៕



