កម្មករសំណង់បើកឆាកប្រយុទ្ធគ្នា អ្នកឈ្នះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អ្នកចាញ់ដេកពេទ្យ

កណ្តាល ៖ អំពើហិង្សាមួយបានកើតឡើង ដោយសារគំនុំចាស់ ធ្វើឲ្យជនសង្ស័យពីរនាក់ ជាកម្មករសំណង់ បានវាយទៅលើជនរងគ្រោះ ជាកម្មករសំណង់ដូចគ្នា ពីរនាក់បណ្ដាលឲ្យរងរបួស ត្រូវនគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង១០នាទី នៅចំណុចការដ្ឋានមណ្ឌលកែប្រែ ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ភុយ ពេជ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការក្នុងការដ្ឋាន មានទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទី២ឈ្មោះ លុយ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យទី១ឈ្មោះ អ៊ុន ដារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅស្នាក់នៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ទី២ឈ្មោះ វង្ស ទួ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅ ភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

នគរបាលបានឱ្យដឹងទៀតថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨យប់ឈ្មោះ ភុយ ពេជ និងឈ្មោះ អ៊ុន ដារ៉ា បានទាក់ពាក្យសម្ដីគ្នាម្ដងរួចមកហើយ រៀបនឹងបានប្រើហិង្សាដាក់គ្នាទៅហើយ តែត្រូវបានកម្មករនៅក្នុងការដ្ឋានជាមួយគ្នាឃាត់ ហើយបានចូលដេករៀងៗខ្លួន ។

លុះនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤ និង ១០នាទីឈ្មោះ ភុយ ពេជ បានដើរចេញពីការដ្ឋានមកក្រៅដើម្បីមកទិញម្ហូបហូបបាយ ក៏បានជួបឈ្មោះ អ៊ុន ដារ៉ា និង ឈ្មោះ វង្ស ទួ បានជិះម៉ូតូកាត់មុខរួចបានរោទិ៍សំឡេងម៉ូតូខ្លាំងៗធ្វើការឌឺដងដាក់ឈ្មោះ ភុយ ពេជ រួចហើយបានបបួលឈ្មោះ ភុយ ពេជ វ៉ៃគ្នាទៀត តែឈ្មោះ ភុយ ពេជ មិនបានតបតទៅវិញទេ រួចហើយបានដើរទៅទិញម្ហូប ពេលនោះជនសង្ស័យទាំងពីរ ក៏តាមឈ្មោះ ភុយ ពេជ ទៅដល់កន្លែងលក់ម្ហូបទៀត ហើយបន្ទាប់មកក៏បានទាក់ពាក្យសម្ដីគ្នា បន្ទាប់មកជនសង្ស័យទាំងពីរបាននាំគ្នាព្រួតវាយទៅលើឈ្មោះ ភុយ ពេជ ក្រោយមកឈ្មោះ ភុយ ពេជ បានរត់ចូលទៅក្នុងការដ្ឋានហើយស្រែកឱ្យមិត្តភក្រ្ក័របស់ខ្លួនជួយ ។

ពេលនោះឈ្មោះ លុយ ប៊ុនធឿន និង ឈ្មោះ ស៊ី ម៉េងហាក់ បានរត់ទៅជួយតែត្រូវបានឈ្មោះ អ៊ុន ដារ៉ា យកដុំថ្មគប់សំដៅទៅលើឈ្មោះ លុយ ប៊ុនធឿន ត្រូវចំក្បាលបែកឈាមដួលសន្លប់ រួចហើយឈ្មោះ អ៊ុន ដារ៉ា និង ឈ្មោះ វង្ស ទួ បាននាំគ្នារត់ចូលទៅក្នុងការដ្ឋាន ក៏ត្រូវបានកម្មករក្នុងការដ្ឋានចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច ។

ពេលទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះទៅដល់ កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យទាំងពីរ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ ឆ ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner