រថយន្តកូរ៉េមួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន កិនកង់ក្មេងប្រុសម្នាក់ បណ្តាលឱ្យស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ដឹកអំបោសលក់ បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលកិនកង់ក្មេងប្រុសម្នាក់ បណ្តាលឱ្យស្លាប់ ខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ឪពុកម្តាយ ទ្រហោយំបោកខ្លួន។ ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវ ក្នុងបុរីសន្តិភាព២ ក្រុម១៥ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះស្លាប់ ឈ្មោះ ស៊ាប សុខមីង ហៅ ឃាង អាយុ ៩ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានទីលំនៅក្បែរកន្លែងកើតហេតុ។ ចំណែកឯ អ្នកបើកបររថយន្ត ឈ្មោះ ឆិល កក្កដា ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិបឹង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើត ភូមិត្រពាំងក្រេឡាង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានជិះកង់ វិលមកពីសាលារៀន ជិះធ្វើដំណើរតាមផ្លូវ ក្នុងបុរីសន្តិភាព២ ទិសដៅពីកើតទៅលិច ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ បានបត់ស្តាំឆ្ពោះទៅជើងវិញ ក៏ប៉ុន្តែត្រង់ចំណុចកើតហេតុ មានទួលថ្ម និងផ្លូវខូច ទើបក្មេងប្រុសរងគ្រោះ ជិះកង់ឡើងរអិលដួល ស្របពេលដែលរថយន្តកូរ៉េមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-9275 ដឹកអំបោសដើរលក់ បានបើកធ្វើដំណើរ ទិសដៅពីជើងទៅត្បូង ជាន់ហ្វ្រាំងមិនទាន់ ជ្រុលកិនរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ មិនទាន់ផុតពីបុរីសន្តិភាព២ផង ក្មេងប្រុសរងគ្រោះបានស្លាប់ ទើបដឹកយកមកផ្ទះក្បែរនោះវិញ។ បន្ទាប់មកក្រុមគ្រួសារ ឪពុកម្តាយ បានទ្រហោយំសោកស្ដាយបោកខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការពិនិត្យមើលជាក់ស្តែង និងបានធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះធ្វើការវាស់វែងយករថយន្តកូរ៉េមួយគ្រឿង រួមទាំងកង់ និងតៃកុងរថយន្តបង្ក យកទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធី៕ ដោយ៖ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner