រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ទទួលយកសវនាការលើរឿងក្តីអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា
រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន បន្ទាប់ពីមានរដ្ឋប្រហារយោធាបានទទួលយកយុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការបើកសវនាការលើការចោទប្រកាន់ថា មីយ៉ាន់ម៉ាបានប្រព្រឹត្តិអំពើប្រល័.យពូជសាសន៍ប្រឆាំងនឹងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។
មុនពេលមានរដ្ឋប្រហារដណ្តើមអំណាចពីពួកយោធា រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បានដាក់បណ្តឹងជំទាស់លើកលើករណីរបស់តុលាការយុត្តិធម៌អន្តរជាតិ។
រដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលជារដ្ឋាភិបាលស្រមោលនិរទេស បាននិយាយក្នុងសេចក្តីប្រកាសកាលពីថ្ងៃអង្គារ ទី ១ ខែកុម្ភៈដូច្នេះថា ខ្លួនបានដកការជំទាស់បឋមទាំងអស់លើករណីចោទប្រកាន់នោះ។
ប៉ុន្តែវាមិនត្រូវបានគេដឹងច្បាស់ទេថាតើ វានឹងប៉ះពាល់ដល់ដំណើរការផ្លូវច្បាប់ដែរឬទេ ដោយសារតែរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ាបាននិយាយថា តុលាការយុត្តិធម៌អន្តរជាតិបានកំពុងទាក់ទងជាមួយអ្នកការទូតមីយ៉ាន់ម៉ានៅទីក្រុង Brussels ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា។
រដ្ឋាភិបាលរួបរួមជាតិនិយាយក្នុងសេចក្តីប្រកាសថា «ប្រសិនតុលាការយុត្តិធម៌អន្តរជាតិទទួលស្គាល់យោធា វានឹងជំរុញឲ្យរបបយោធាឲ្យបន្ត និងបង្កើនអំពើឧក្រិ.ដ្ឋកម្មដ៏ឃោរឃៅប្រចាំថ្ងៃរបស់ខ្លួន»។
រដ្ឋាភិបាលនេះបានជំរុញឲ្យតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបញ្ហាជាមួយនឹងលោក Kyaw Moe Tun ដែលអ្នកតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ។
សូមរម្លឹកថា ជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ាជាង ៧៣០.០០០នាក់ បានភៀសខ្លួនពីរដ្ឋរ៉ាឃីនរបស់មីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដេសកាលពីឆ្នាំ ២០១៧ បន្ទាប់ពីមានការបង្ក្រាបបង្ហូរឈាមពីសំណាក់យោធា។
ក្រុមអង្គការសិទ្ធិមនុស្សបានចងក្រងឯកសារពីការសម្លា.ប់ និងការដុតភូមិរបស់ពួកគេ ហើយអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានធ្វើការសន្និដ្ឋានថា យុទ្ធនាការរបស់យោធា មានចេតនាប្រល័យពូជសាសន៍។
នៅខែធ្នូ ឆ្នាំ ២០១៩ លោកស្រី អ៊ុងសាន ស៊ូជី ដែលនៅពេលនោះជាមេដឹកនាំមីយ៉ាន់ម៉ា បានចូលរួមសវនាការនៅទីក្រុងឡាអេ ដើម្បីសុំឲ្យចៅក្រមច្រានចោលករណីនោះ។
លោកស្រី ត្រូវបានទម្លាក់ចេញពីអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំមុនដោយរដ្ឋប្រហារយោធា និងត្រូវបានយកមកកាត់ទោសឲ្យជាប់គុកដោយតុលាការយោធា។ ចាប់តាំងពីមានរដ្ឋប្រហារមក មនុស្សជាង ១.៤០០នាក់ត្រូវបានសម្លា.ប់ក្នុងការបង្ក្រាប និងជាង ១១.០០០នាក់ត្រូវបានចាប់ខ្លួន៕