ក្រុមហ៊ុនវិនិយោគផលិតឱសថ ហូណាន អឺរកាង (កម្ពុជា) ខេត្តបាត់ដំបងប្រើប្រាស់កម្លាំងកម្មករខ្មែរ ៨០% និងប្រមូលទិញដំឡូងមី ចំនួន ៨ម៉ឺនតោនក្នុងមួយឆ្នាំៗ (មានវីដេអូ)
លោក លី ហៃអ៊ី (Mr. Li Haiyi) ជាប្រធានក្រុមហ៊ុនវិនិយោគចិនផលិតឱសថ ហូណាន អឺរកាង(កម្ពុជា) ដែលបានបោះទីតាំងស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងនៅក្នុងឱកាសទទួលជួបស្វាគមន៍ និង សំណេះសំណាលជាមួយគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម យឹម សៀប អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំបណ្តាស្ថាប័ន មន្ទីរ អង្គភាពនានានិងកងម្លាំងព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុករតនមណ្ឌលនិងស្រុកសំឡូត។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលរវាងគណៈប្រតិភូខេត្ត និងជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន និងតាមរយៈបទបង្ហាញពីសកម្មភាពនិងរបាយការណ៍ដែលឆ្លុះបញ្ចាំង ពីវឌ្ឍនភាពរីកចម្រើនរបស់ក្រុមហ៊ុនខ្លួនកន្លងមក។ក្នុងនោះ លោក លី ហៃអ៊ី បានថ្លែងគូសបញ្ជាក់ឲ្យដឹងថា៖ក្រុមហ៊ុនហូណាន អឺរកាង Hunan Erkang Pharmaceutical Co.,Ltd. បានបង្កើតឡើងនៅឆ្នាំ២០០៣។បេសកកម្មរបស់ក្រុមហ៊ុនគឺ“គ្រប់យ៉ាងដើម្បីសុវត្ថិភាពនៃឱសថ”។ និងជាសហគ្រាសឈានមុខគេនូវបច្ចេកវិទ្យាខ្ពស់ផ្នែកឱសថ និងធំជាងគេបំផុតរបស់ប្រទេសចិន និងជាអ្នកផលិតថ្នាំចិន ដ៏ធំប្រកបដោយស្តង់ដារ។និងជាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មឱសថជាតិនៃប្រទេសចិន ជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគ្រាសជាតិ ERKANG Hunan Pharmaceutical Co., Ltd.។
លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់បន្ថែមថា៖ខេត្តហូណានគឺជាខេត្តបច្ចេកវិទ្យាក្នុងការកែច្នៃម្សៅមី និងជាប់ចំណាត់ថ្នាក់ “លេខ១” នៅលើពិភពលោក។ ហើយត្រូវបានជ្រើសរើសជា “ម៉ាកយីហោជាតិស៊ីនហ័រ”នៅឆ្នាំ២០១៣។ សហគ្រាស Hunan Erkang Pharmaceutical Co.,Ltd. បានបង្កើតក្រុមហ៊ុន ហូណាន អឺរ-កាង (ខេមបូឌា) អ៊ិនវេសមេន នៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតម្សៅដំឡូងមីនិងកែច្នៃម្សៅមី។មកដល់ពេលនេះ ក្រុមហ៊ុនបានបោះទុនវិនិយោគ ទឹកប្រាក់ចំនួនជាង ២០០លានដុល្លារសហរដ្ឋអាមេរិក។បច្ចុប្បន្ន សួនឧទ្យានឧស្សាហកម្ម ហូណាន អឺរ-កាង (ខេមបូឌា) អ៊ិនវេសមេន បានក្លាយជា តំបន់ឧទ្យានបណ្តុះបណ្តាល នៅក្រៅប្រទេសសំខាន់ៗនៃទិសដៅ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករខ្មែរប្រមាណ៨០%ហើយក្រុមហ៊ុនបានប្រមូលទិញកសិផលដំឡូងមីក្នុងស្រុកប្រមាណជាង៨ម៉ឺនតោនក្នុងមួយឆ្នាំៗដើម្បីផ្គត់ផ្គង់តម្រូវការរបស់រោងចក្រ។
លោកប្រធានក្រុមហ៊ុនឱសថ ហូណាន អឺរកាង (កម្ពុជា)បានថ្លែងគូសបញ្ជាក់ឲ្យដឹងបន្ថែម
ទៀតថា៖ គម្រោងផលិតម្សៅដំឡូងមី បានចាប់ផ្តើមនៅឆ្នាំ២០១៣ ដោយរោងចក្របានកែច្នៃដំឡូងមី ផលិតជាម្សៅដំឡូងមីនិងម្សៅដែលបាន កែច្នៃរួច ដើម្បីផ្តល់នូវវត្ថុធាតុដើមសម្រាប់ការផលិតសំបកឱសថដែលធ្វើពីម្សៅដំឡូងមី របស់ សហគ្រាស Hunan Erkang Pharmaceutical Co.,Ltd.ថែមទាំងបានបង្កើតជាក្រុមហ៊ុន ហូណាន-អឺរកាង (ខេមបូឌា) អ៊ិនវេសមេន។ នៅឆ្នាំ២០២០គម្រោងផលិតស៊ុលហ្វាណាមីតថ្មី ក៏ត្រូវបានបន្ថែម ដោយបានផលិតនូវផលិតផលស៊េរី ស៊ុលហ្វាណាមីត។គម្រោងទី២-នៅឆ្នាំ២០១៤ រោងចក្របានកែច្នៃដំឡូង់មីនិងពោត គឺបានដំណើរការផលិត “សូដ្យូមស៊ីត្រាត”។ ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំ ពី ៣ម៉ឺនទៅ ៥ម៉ឺនតោន ក្នុងនោះបានបង្កើតនូវក្រុមហ៊ុនWANG KANG BIOCHEMICAL.,LTDមួយនេះឡើងបន្ថែម។ ហើយផលិតផលរបស់ក្រុមហ៊ុន ក៏ត្រូវបាននាំចេញទៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។គម្រោង៣-នៅឆ្នាំ២០១៦ក្រុមហ៊ុនបានបង្កើតរោងចក្រផលិតម្សៅមី (សំបកឱសថធ្វើពីម្សៅមី)និងបង្កើតក្រុមហ៊ុន អឺរ កាង បាយអូរស្តាច បន្ថែមទៀត។ បច្ចុប្បន្ន គឺបានប្ដូរឈ្មោះទៅជា ក្រុមហ៊ុន និក អ៊ិន ដាស្ទៀល ឯ.ក។ គម្រោងទី៤-នៅឆ្នាំ២០១៨ ជាគម្រោងផលិតជីវៈវេជ្ជសាស្ត្រ ដោយបានបង្កើតនូវគម្រោងសារធាតុផ្សំឱសថ។ដែលបានផលិតនូវ P-nitrophenol និង Paminophenol ដែលជាផលិតផលចម្បង។ហើយនៅឆ្នាំ២០១៩ ក្រុមហ៊ុនបានផលិតនូវផលិតផលថ្មីបន្ថែមទៀត ដូចជា៖ M-phenylene diamine និង Resorcinol ជាដើម។
ក្នុងដំណើរចុះសាកសួរសុខទុក្ខ នៃឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនជាមួយថ្នាក់ដឹកនាំនិងបុគ្គលិកកម្មកររបស់ក្រុមហ៊ុនផលិតឱសថហូណាន អ៊ឺរកាង(កម្ពុជា)និងនៅក្នុងដំណើរទស្សនកិច្ចពិនិត្យមើលនូវខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនខាងលើ ឯកឧត្តម យឹម សៀប អភិបាលរងខេត្តបាត់ដំបង បានថ្លែងនូវការកោតសរសើរដល់ក្រុមហ៊ុនដែលបានជ្រើសរើសយកខេត្តបាត់ដំបង ដើម្បីបង្កើតនូវរោងចក្រនេះឡើង ដែលជាផ្នែកមួយក្នុងការលើកស្ទួយនូវកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកមួយនេះ របស់ខេត្តបាត់ដំបង។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ ការស្រូបនូវកម្លាំងពលកម្មក្នុងស្រុកនិងថែមទាំងបានផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាជនកម្ពុជាផងដែរដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋបានចូលបម្រើការងារក្នុងរោងចក្រមួយនេះ។
ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង បានចាត់ទុកថារាល់សមិទ្ធផលដែលបានកើតឡើងនៅទីនេះ ពិតជាបានបង្ហាញឲ្យឃើញពីចំណងមិត្តភាពដែកថែបដ៏រឹងមាំ រវាងប្រទេសយើងទាំង២ រវាងរដ្ឋាភិបាលនៃប្រទេសទាំង២ និង ជាពិសេសរវាងប្រជាជននៃប្រទេសយើងទាំង២ផងដែរ៕ (អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)