រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យដំណើរការរៀន និងបង្រៀន នៅអគារធនធាននៃវិទ្យាល័យ ហ៊ុន សែន កោះធំ
ខេត្តកណ្ដាល៖ គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលដំណើរការរៀន និងបង្រៀននៅអគារធនធាន សម្ភារូបវន្តនានានៅវិទ្យាល័យ ហ៊ុន សែន កោះធំ ខេត្តកណ្ដាល ដែលវិទ្យាល័យនេះស្ថិតក្នុងគម្រោងអភិវឌ្ឍវិស័យអប់រំមធ្យមសិក្សាទុតិយភូមិ ដើម្បីស្វែងយល់ពីស្ថានភាពពិតរបស់សាលារៀន និងធានាឲ្យបានថាអគារធនធាននេះ មានបំពាក់សម្ភារសិក្សាគ្រប់គ្រាន់ជួយបម្រើដល់ការកសាងសមត្ថភាពធនធានមនុស្ស។
ការចុះទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Anthony Gill ប្រធានស្ដីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ព្រមទាំងឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាពនានាក្រោមឱវាទក្រសួងផងដែរ។
ក្នុងដំណើរឱកាសទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានជួបសំណេះសំណាលសួរសុខទុក្ខដល់លោគ្រូ អ្នកគ្រូ និងសិស្សានុសិស្សអាហាររូបករណ៍ និងបានថ្លែងអំណរគុណដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំជួយបង្ហាត់បង្រៀនសិស្សានុសិស្សអស់ពីកម្លាំងកាយចិត្ត។ ឯកឧត្ដមក៏បានផ្ដាំផ្ញើ និងផ្ដល់ដំបូន្មាន ដល់សិស្សានុសិស្សអាហារូបករណ៍ទាំងអស់ឲ្យខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់លើការសិក្សាឲ្យអស់ពីលទ្ធភាព តាមរយៈសម្ភារសិក្សាទាំងអស់ដែលមាននៅក្នុងអគារធនធាននេះ។
ក្នុងឱកាសនោះក៏មានការចែករំលែកការផ្លាស់ប្តូរជាវិជ្ជមានផលជះការចែករំលែកបទពិសោធន៍គន្លឺះនៃការគ្រប់គ្រងការផ្លាស់ប្តូរសាលារៀន ព្រមទាំងផលជះលើលទ្ធផលនៃការបង្រៀន និងរៀន ព្រមទាំងបទពិសោធន៍នៃការអនុវត្តសកម្មភាពក្នុងបន្ទប់ពិសោធន៍ និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស។
ទន្ទឹមគ្នានេះ ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ ក្រោមឱវាទជាពិសេសលោកប្រធានស្ដីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដែលបានបង្កើតគម្រោងជួយឧបត្ថម្ភគាំទ្របង្កើតនូវសមិទ្ធិផលនានាសម្រាប់បម្រើដល់ការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាជួយដល់រដ្ឋាភិបាលកម្ពុជាផងដែរ៕ដោយ-រ៉ាវុធ