កោះបាលីបើកទទួលភ្ញៀវទេសចរបរទេសតាមជើងហោះហើរត្រង់ ក្រោយបិទអស់ជិត២ឆ្នាំ
កោះបាលី (Bali) របស់ឥណ្ឌូនេស៊ីនឹងធ្វើការទទួលភ្ញៀវទេសចរបរទេសជាលើកដំបូងតាមរយៈជើងហោះហើរត្រង់នៅថ្ងៃព្រហស្បតិ៍ ទី៣ កុម្ភៈនេះ ក្រោយពេលផ្អាកអស់រយៈពេលជិត២ឆ្នាំ ប៉ុន្តែភ្ញៀវទេសចរមួយចំនួនតូចប៉ុណ្ណោះនឹងមកកាន់កោះនេះ ដោយត្រូវធ្វើចត្តាឡីស័ក។
ជើងហោះហើររបស់ក្រុមហ៊ុន Garuda Indonesia មកពីទីក្រុងតូក្យូ នឹងធ្វើដំណើរមកដល់កោះ Bali នៅថ្ងៃព្រហស្បតិ៍នេះ ដោយមានដឹកអ្នកដំណើរបរទេសចំនួន ៦នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ៦នាក់។ នេះជាការបញ្ជាក់របស់លោក Ida Ayu Indah Yustikarini ដែលជាមន្ត្រីការិយាល័យទេសចរណ៍រដ្ឋាភិបាលបាលី។
ទោះបីជាកោះដ៏ស្រស់ស្អាតនេះបានបើកជាផ្លូវការទទួលអ្នកទេសចរមកពីប្រទេសចិន នូវែលសេឡង់ ជប៉ុន និងប្រទេសមួយចំនួនទៀតនៅពាក់កណ្តាលខែតុលាក្តី មិនមានការហោះហើរត្រង់មកកាន់កោះនេះទេ។
ឥណ្ឌូនេស៊ីនិយាយថា ការចាប់ផ្តើមជើងហោះហើរអន្តរជាតិមានគោលបំណងជំរុញវិស័យទេសចរណ៍កោះបាលី ដែលស្មើប្រមាណ ៥៤ភាគរយៈនៃសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី។
អ្នកទេសចរចាក់វ៉ាក់សាំងរួចដែលធ្វើដំណើរមកកោះបាលី ត្រូវធ្វើចត្តាឡីស័កចន្លោះ ៥ ទៅ ៧ថ្ងៃនៅសណ្ឋាគារ ឬនៅនាវា។
ការបើកដំណើរការកោះឡើងវិញយឺតៗបែបនេះ ខណៈដែលឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដ ១៩ក្នុងចំនួនថេរ ដែលភាគច្រើនបង្កឡើងដោយវីរុសបំលែងថ្មី Omicron។ កាលពីថ្ងៃពុធម្សិលមិញ ឥណ្ឌូនេស៊ីរកឃើញអ្នកឆ្លងថ្មីជិត ១៨.០០០នាក់។
សូមរម្លឹកថា បាលីត្រូវបានគេទទួលស្គាល់ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតដែលមានទឹកធ្លាក់ ឆ្នេរសមុទ្រ ប្រាសាទ និងកន្លែងលេងផ្សេងៗទៀត។ កាលពីឆ្នាំ ២០១៩ មុនពេលមានការវា.យប្រហារពីកូវីដ កោះនេះទទួលបានអ្នកទេសចរបរទេស ៦,២លាននាក់ ប៉ុន្តែឆ្នាំមុន ប្រទេសឥណ្ឌូនេស៊ីទាំងមូលទទួលបានអ្នកទេសចរបរទេសត្រឹម ១,៦លាននាក់ប៉ុណ្ណោះ ដែលធ្លាក់ចុះ ៦១,៥៧ភាគរយធៀបនឹងឆ្នាំ ២០២០៕