ជនអន្តោប្រវេសន៍ជាង១០នាក់កកស្លាប់នៅ ព្រំដែនក្រិច

ជនអន្តោប្រវេសន៍​ចំនួន ១២​នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​កក​ស្លា​.​ប់​នៅ​ក្នុង​ក្រុង​ដ៏​តូច​មួយ​របស់​ប្រទេស​តួ​ក​គី ស្ថិត​នៅ​ក្បែរ​ព្រំដែន​ប្រទេស​​ក្រិច​។ សោកនាដកម្ម​នេះ​កើតឡើង​តែ​មួ​យស​ប្តា​ហ៍​ប៉ុណ្ណោះ​ក្រោយ​ពេល​ព្យុះ​រដូវរងារ​បាន​គ្រប់​ដណ្តប់​ប្រទេស​ទាំង​ពីរ​ដោយ​ព្រិល​ទឹកកក​។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​តួ​ក​គី​នៅ​ថ្ងៃ​ពុធ​ ទី​២ កុម្ភៈ ម្សិលមិញ​នេះ​។

លោក Suleyman Soylu រដ្ឋមន្ត្រី​មហាផ្ទៃ​តួ​ក​គី​និយាយ​ថា ជនអន្តោប្រវេសន៍​ទាំងនោះ​កក​ស្លា​.​ប់​នៅ​ក្នុង​ទីក្រុង Ipsala ដែល​ជាទី​ក្រុង​ដ៏​តូច​មួយ​ស្ថិត​នៅ​ក្បែរ​ព្រំដែន​។ ជនអន្តោប្រវេសន៍​តែង​ប្រើប្រាស់​ទីតាំង​នេះ​ដើម្បី​ធ្វើការ​ចំណាកស្រុក​ចូល​សហភាព​អ៊ឺ​រ៉ុ​ប​។

មូលហេតុ​ដែល​ពួក​គេ​គាំង​ស្លា​.​ប់ និង​ទីកន្លែង​ដែល​ពួក​គេ​មក មិន​ទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ប៉ុន្តែ​ប្រទេស​តួ​ក​គី និង​​ក្រិច​​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​សោកនាដកម្ម​នេះ​។

រដ្ឋមន្ត្រី​មហាផ្ទៃ​តួ​ក​គី បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Twitter ដោយ​ចោទប្រកាន់​ថា ក្រុម​ជនអន្តោប្រវេសន៍​ទាំងនោះ​ត្រូវ​បាន​បណ្តេញ​ដោយ​មន្ត្រី​ព្រំដែន​គ្រិច ដោយ​ធ្វើការ​ដោះ​ស្បែកជើង និង​សំលៀក​បំពាក់​របស់​ពួក​គេ​។

លោក​បាន​ហៅ​ក្រុម​ល្បាត​ព្រំដែន និង​អង្គភាព​គ្រិច​ថា​ជា​ក្រុម​ឧ​ក្រិ​.​ដជន​ និង​បាន​និយាយ​ទៀត​ថា សហភាព​អ៊ឺ​រ៉ុ​ប​មាន​ភាព​ខ្សោយ និង​គ្មាន​អារម្មណ៍​មនុស្សធម៌​។

ប៉ុន្តែ​រដ្ឋមន្ត្រី​អន្តោប្រវេសន៍​គ្រិច​លោក Notis Mitarachi បាន​បដិសេធ​ន៍​ការ​ចោទប្រកាន់​នោះ​។

លោក​ថ្លែង​ថា «​ការ​ស្លា​.​ប់រប​ស់ជន​អន្តោប្រវេសន៍ ១២​នាក់​នៅ​ព្រំដែន​តួ​ក​គី​ក្បែរ​ទីក្រុង Ipsala គឺជា​សោកនាដកម្ម​។ ប៉ុន្តែ​ការ​ពិត​នៅ​ពីក្រោយ​ឧប្បត្តិ​ហេតុនេះ​មិន​ដូចនឹង​ការ​លើក​ឡើង​មិន​ពិត​របស់​ភាគី​តួ​ក​គី​ឡើយ»​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ ១២​នាក់​នោះ​ស្ថិត​ក្នុង​ចំណោម​ជនអន្តោប្រវេសន៍ ២២​នាក់​។ អាជ្ញាធរ​ក្នុង​តំបន់​និយាយ​ថា ពួក​គេ​កំពុង​បន្ត​ស្វែងរក​អ្នក​នៅ​សេសសល់ ១០​នាក់​ទៀត និង​ធ្វើការ​ស៊ើបអង្កេត​លើ​ឧប្បត្តិហេតុ​នោះ​៕

ads banner