ចូលឆ្នាំចិន០៤ថ្ងៃ កំណើនភ្ញៀវទេសចរ ដែលមកកម្សាន្តតាមគោលដៅទេសចរណ៍និងរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង សរុបជាង២១ម៉ឺននាក់
រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ខែមករាដល់ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំខ្លា២០២២នេះ កំណើនភ្ញៀវទេសចរជាតិ និង អន្តរជាតិផ្ទៃក្នុង ដែលបានមកកម្សាន្តលេងនៅតាមតំបន់គោលដៅទេសចរណ៍និងតាមរមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបង មានចំនួនសរុប ២១៨.៤២០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២១៧.៩៥៩នាក់ និង ភ្ញៀវទេសចរអន្តរជាតិ(បរទេសផ្ទៃក្នុង)មានចំនួន ៤៦១នាក់។
នេះបើតាមការគូសបញ្ជាក់ ពីលោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដែល បានគូសបញ្ជាក់អំពីសកម្មភាពនិងស្ថានភាពទូទៅ នៃ ចំនួនភៀវទេសចរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២២ ដែលទើបតែបញ្ចប់ថ្មីៗ នេះ។
លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងទៀតថា៖ចំនួនភៀវទេសចរក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន២០២២នេះ ភាគច្រើនគឺភ្ញៀវបានទៅកម្សាន្តនៅតាមតំបន់គោលដៅទេសចរ និងនៅតាមទីតាំងរមណីយដ្ឋានធម្មជាតិនិងអេកូទេសចរណ៍មួយចំនួន នៅក្នុងខេត្ត និងជាគោលដៅដែលមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ទាំងនៅក្នុងខេត្ត និងក្រៅខេត្ត។ក្នុងនោះមាន៖ រមណីយដ្ឋាន ប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋាន អាងកំពីងពួយ, រមណីយដ្ឋាន ចំការស្វាយ,រមណីយដ្ឋាន ស្ទឹងថ្មដាចំការទុរេន, រមណីយដ្ឋាន ទឹកធ្លាក់៥៣ ភ្នំព្រឹក,រមណីយដ្ឋាន នគរជុំភ្នំព្រឹក, រមណីយដ្ឋាន ភ្នំកំពូល, រមណីយដ្ឋានចំការទុរេនអូរតង, រមណីយដ្ឋានវាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍អេកូទេសចរណ៍ព្រែកទាល់”តំបន់រ៉ាមសារ”, មណ្ឌលកម្សាន្ត ឡូរី ជើងភ្នំបាណន់, រមណីយដ្ឋាន ស្ទឹងក្រញូង,គោលដៅទេសចរណ៍ ស្ទឹងថ្វាក, រមណីយដ្ឋាន ចំការមៀន, គោលដៅទេសចរណ៍ វត្តភ្នំចំបាំង,មណ្ឌលកម្សាន្ត សួនទឹកសុភមង្គល, ផ្ទះផ្កា Begonia, សួនផ្កា ភ្នំសំពៅ, សួនផ្កាឈើទាលនិងគោលដៅទេសចរណ៍នានាមួយចំនួនទៀត នៅក្នុងខេត្ត។
លោក ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្កាក់បន្ថែមទៀតថា៖ក្នុងឱកាសនៃបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៣១ខែមករាដល់ថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០២២ ចំនួនភ្ញៀវដែលបានមកស្នាក់នៅដើរកម្សាន្ត នៅតាមតំបន់គោលដៅទេសចរណ៍សំខាន់ៗខាងលើនិងបានទៅកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននិងសហគមន៍អេកូទេសចរណ៍នានាក្នុងខេត្តបាត់ដំបង មានចំនួនសរុប ប្រមាណ ២១៨.៤២០នាក់ កើនឡើង២០៣,៧៧% បើ ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនសរុប ៧១.៩០៤នាក់។ក្នុងនោះភ្ញៀវទេសចរជាតិ សរុប២១៧.៩៥៩នាក់កើនឡើង២០៣,៩៤% បើប្រៀបធៀបឆ្នាំ២០២១ មានចំនួន ៧១.៧១១នាក់។ ដោយឡែកភ្ញៀវទេសចរអន្តរជាតិ(បរទេសផ្ទៃក្នុង) មានចំនួន៤៦១នាក់កើន ១៣៨,៧៧% បើប្រៀបធៀប ឆ្នាំ២០២១ មានចំនួន ១៩៣នាក់។
លោក អ៊ុចអ៊ុ ភិនិស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថាដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរនិងប្រព័ន្ធផ្លូវគមនាគមន៍បានកាន់តែល្អប្រសើរប្រទាក់ក្រឡាខ្វាត់ខ្វែង បានបង្កឱកាសឲ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរមកពីទីជិតឆ្ងាយមានឱកាសនិងមានជម្រើសក្នុងការដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងថ្ងៃឈប់សម្រាកឬថ្ងៃបុណ្យប្រពៃណីជាតិ និងបុណ្យទានផ្សេងៗ។ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ដោយផ្តោតនូវការវាយតម្លៃឲ្យដឹងទៀតថា៖ចំនួនភ្ញៀវទេសចរដែលបានមកកម្សាន្តលេងនៅក្នុងខេត្តបាត់ដំបង និង កត្តាដែលនាំឲ្យមានកំណើនភ្ញៀវទេសចរនៅឆ្នាំនេះ គឺ៖ដោយសារតែកត្តាសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ។ ក្រៅពីនោះសំណង់សិល្បការនៃហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តកាន់តែល្អប្រសើរ។ ព្រមទាំងមានការរៀបចំផលិតផលថ្មីៗ នៅតាមគោលដៅទេសចរណ៍សំខាន់ៗទាំងនោះទៀតផង។ មួយផ្នែកដោយសារតែអាកាសធាតុមានអំណោយផលល្អនៅតាមតំបន់គោលដៅទេសចរណ៍ ដែលនៅជាប់និងប្រភពទឹក ប្រកបដោយទេសភាពស្រស់ស្អាតមានទឹកហូរ ត្រជាក់ថ្លាល្អ រាក់ៗងាយស្រួលក្នុងការងូតកម្សាន្តលេង។ បើទោះបីស្ថានភាពពីការឆ្លងនៃជំងឺកូវីដ-19មិនទាន់ផុតរលត់អស់ពីពិភពលោក។តែស្ថានភាពនៃការរស់នៅតាមបែបគន្លងថ្មី របស់ប្រជាពលរដ្ឋទូទៅ បានប្រកានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ៣ការពារ. និង ៣កុំ.បានយ៉ាងម៉ឺងម៉ាត់ ទាំងបងប្អូនជាភ្ញៀវ និងម្ចាស់រមណីយដ្ឋាននានា។កត្តាទាំងនេះហើយបានបង្កការធូរស្រាលក្នុងការទប់ស្កាត់ពីជំងឺកូវីដ-19។ ម្យ៉ាងទៀតប្រជាពលរដ្ឋទូទៅ បានស៊ាំជាមួយជំងឺ ដោយសារតែបងប្អូនបានចាក់វ៉ាក់សាំងយ៉ាងតិច២ដង និងលើសពី៣ដង។ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )