អាជ្ញាធរចុះបិទការដ្ឋានជីកស្តារបឹងពារាំងចំនួន ២កន្លែង ក្រោយផ្ទុះអំពើហឹង្សា

សៀមរាប ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយតំណាងរដ្ឋបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចបិទការដ្ឋានជីកដីចំនួន ២កន្លែង ក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំង ក្រោយម្ចាស់ការដ្ឋានទាំង២ ផ្ទុះហឹង្សាបង្កជារបួសស្នាម ។

លោក ហាយ យង់ តំណាងរដ្ឋបាលក្រុងសៀមរាប ដែលដឹកនាំកម្លាំងចុះបិទការដ្ឋានខាងលើ បានឲ្យដឹងថា ការបិទការដ្ឋានជីករណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែង គឺធ្វើទៅតាមបញ្ជាថ្នាក់លើ ។ លោកបន្តថា ក្រុមហ៊ុនជីកដីខាងលើទី១ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង និងមានឈ្មោះ សាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ ទី២ក្រោមការគ្រប់គ្រងរបស់សហគមន៍នេសាទចុងឃ្នៀស ដែលមានឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ ។ ការឈានទៅដល់បិទការដ្ឋាននេះ មូលហេតុក្រុមហ៊ុនជីកដីទាំងពីរ ធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹងជញ្ជូនមិនបាញ់ទឹក បង្កការហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហឹង្សាបង្កជារបួសស្នាម ដាក់គ្នាទៀតផង ។

បើទោះបីយ៉ាងណាក៏ដោយ លោក ហាយ យង់ សុំមិនធ្វើអធិប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកឱ្យសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី ។ ប៉ុន្តែលោកបញ្ជាក់ថាចំពោះ ការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃកំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ ។

សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញ្ញាតឱ្យមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែ ដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner