បុគ្គលឆ្នើមផ្នែកអចលនទ្រព្យជាច្រើនរូប ទទួលបានរង្វាន់ជិត៣០ម៉ឺនដុល្លារពីក្រុមហ៊ុន សេងហាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនរូបប្រចាំក្រុមហ៊ុនសេងហាន នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នំា២០១៩នេះ បានទទួលការបំពាក់តំណែង ពាន និងរង្វាន់ជាដីឡូតិ៍សរុបជាង២៧ម៉ឺនដុល្លារអាមេរិកនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមហ៊ុនសេងហាន ។ នៅក្នុងពិធីនោះ ក៏មានការបណ្ដុះបណ្ដាលជំនាញដល់អ្នកចូលរួមប្រមាណ១.៥០០នាក់ ដើម្បីបង្រៀនឱ្យអ្នកចូលរួមសិក្សាយល់ដឹងពីរបៀបក្លាយខ្លួនជាបុគ្គលជោគ ជ័យលើមុខជំនួញ ជាពិសេសលើជំនួញអចលនទ្រព្យដីធ្លីផងដែរ ។

លោក យ៉ន សេងហាន នាយកក្រុមហ៊ុនដីធ្លីដ៏ល្បីឈ្មោះ ដែលជាគ្រូឧទ្ទេសនាមបានអះអាងថា ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនសេងហានតែងមានវគ្គបណ្ដុះបណ្ដាលពីជំនាញជោគ ជ័យលើវិស័យអចលនទ្រព្យក្នុងទ្រង់ទ្រាយតូចៗជាប្រចាំ ដើម្បីជួយយុវជន យុវវតីក្មេងៗ ជាពិសេសអ្នកសិក្សាបានត្រឹមថ្នាក់ទាប និងអ្នកមិនសូវមានឱកាសមានការងារល្អ អោយរកចំណូលបានច្រើន ។

លោកបន្តថា ក្រោយការបណ្ដុះបណ្ដាលក្រុមហ៊ុនក៏ផ្ដល់ការងារ និងអោយឱកាសដល់សិក្ខាកាមទាំងអស់អនុវត្តន៍ផ្ទាល់លើជំនាញដែលបានសិក្សានោះដែរ ទើបបន្ទាប់ពីពេលពួកគេជោគជ័យ គឺធ្វើពិធីបំពាក់តំណែង និងប្រគល់ពានដល់អ្នកទាំងនោះ ក្នុងពិធីបណ្ដុះបណ្ដាលជំនាញជោគជ័យធំម្ដងៗ ។ លោកនាយកបន្ថែមថា ជាច្រើនលើកមកហើយ ដែលលោកប្រគល់ពានឆ្នើម បំពាក់តំណែង និង ផ្ដល់ជាដីឡូតិ៍តាមតម្លៃផ្សេងៗលើកទឹកចិត្តដល់អ្នកឆ្នើម ដើម្បីបង្ហាញពីការប្រឹងប្រែងរបស់ពួកគេ ។

ជាក់ស្ដែងពិធីដែលបានធ្វើឡើងនាពេលនេះ គឺជាពិធីបណ្ដុះបណ្ដាលជំនាញក្លាយជាសេដ្ឋី ដល់សិក្ខាកាម១.៥០០នាក់ ដែលជាវគ្គបណ្ដុះបណ្ដាលទ្រង់ទ្រាយធំ ដែលមានរយៈពេល៦ខែម្ដងប្រចាំក្រុមហ៊ុន ។ អ្នកជំនាញដែលទទួលបានពាន និងការលើកទឹកចិត្តនៅក្នុងពិធីនោះ មានសរុប៣០នាក់ ដោយអ្នកទាំងនោះ គឺសុទ្ធសឹងតែជោគជ័យពីការមកសិក្សា ហើយអនុវត្តន៍ ក្រោយទទួលការបណ្ដុះបណ្ដាលលើជំនាញអចលនទ្រព្យពីក្រុមហ៊ុនទាំងអស់ ។

សកម្មភាពនេះក៏ត្រូវបានលោកចាត់ទុកថា គឺជាការរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម ពោលគឺចំពោះអ្នកមានចំណេះដឹងទាប អោយមានជំនាញក្លាយជាបុគ្គលជោគជ័យផងដែរ ។ យោងតាមការឧទ្ទេសនាម បុគ្គលដែលជោគជ័យនៅក្នុងថ្ងៃនោះ សុទ្ធតែអះអាងថា ផ្ដើមចេញពីកម្មកររោងចក្រ និងកម្មករសំណង់ឆ្លងប្រទេសភាគច្រើន ដោយក្រោយទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុនសេងហាន ហើយប្រើសមត្ថភាព និងចំណេះដឹងលើវិស័យអចលនទ្រព្យ អ្នកខ្លះរកចំណូលបានដល់មួយខែជាង១ម៉ឺនដុល្លារអាមេ៉រិក ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner