ក្រុមហ៊ុន ឆាយណា យូនីខម បើកសម្ពោធដំណើរការជាផ្លូវការ ក្នុងគោលបំណងជួយលើកវិស័យទូរគមនាគមន៍នៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត
ភ្នំពេញ៖ ក្រុមហ៊ុន ឆាយណា យូនីខម (ខេមបូឌា) អបភើរេសិន ឯ.ក ដែលប្តូរឈ្មោះថា ក្រុមហ៊ុនកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការហើយនៅកម្ពុជា ខណៈមកទល់បច្ចុប្បន្ន ក្រុមហ៊ុនចិនមួយនេះ បានបង្កើតសាខានៅតាមបណ្តាប្រទេស និង តំបន់ដែលស្ថិតនៅក្នុងគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” ចំនួន ១៣សាខាក្រុមហ៊ុនមកហើយ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍បានមានប្រសាសន៍ថា ការវិនិយោគ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដោយក្រុមហ៊ុន ឆាយណា យូនីខម នៅក្នុងប្រទេសដែលស្ថិតនៅតាមគម្រោង “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” បាននាំមកនូវសមិទ្ធផលយ៉ាងសំខាន់មកលើការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញការជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចកម្ពុជា និង ចិន នឹងបន្តយ៉ាងជ្រាលជ្រៅនាពេលអនាគត ដោយនាំមកនូវសេវាកម្មបណ្តាញ និងទូរគមនាគមន៍ដែលផ្អែកលើខ្លោដ (cloud-based) ដែលមានគុណភាពខ្ពស់មកកាន់ក្រុមហ៊ុនក្នុងប្រទេស និងវិនិយោគិនជនជាតិចិន ហើយលើសពីនេះទៅទៀត គឺការចូលរួមចំណែកបន្ថែមពីក្រុមហ៊ុន ឆាយណា យូនីខម ក្នុងការជួយដល់ការអភិវឌ្ឍន៍នៃ “ឌីជីថលកម្ពុជា” នាពេលអនាគតផងដែរ ។
ជាមួយគ្នានេះ លោកស្រី Meng ShuSen ប្រធានក្រុមហ៊ុន China Unicom Global បានបញ្ជាក់ថា ការបង្កើតក្រុមហ៊ុនកម្ពុជា ជាស្ពានមួយសម្រាប់ផ្តល់ព័ត៌មាន និងទំនាក់ទំនងទៅវិញទៅមករវាងប្រទេសកម្ពុជា និង ប្រទេសចិន ។ លោកស្រីបន្ថែមថា ក្រុមហ៊ុន ឆាយណា យូនីខម ប្រកាន់ខ្ជាប់នូវមនោគមវិជ្ជានៃប្រតិបត្តិការធុរកិច្ចក្នុងប្រទេសនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ និង រឹតបណ្តឹងសហប្រតិបត្តិការជាមួយធុរកិច្ចកម្ពុជា ដើម្បីអភិវឌ្ឍន៍ទីផ្សារទូរគមនាគមន៍ក្នុងប្រទេស តាមរយៈការបង្កើតក្រុមហ៊ុនកម្ពុជា ដោយនាំមកនូវសេវាកម្មមកកាន់សង្គម និង ប្រជាជនកម្ពុជា ។
បន្ថែមលើនេះ លោកស្រីប្រធានក្រុមហ៊ុនក៏សង្ឃឹមផងដែរថា ការផ្តួចផ្តើមរបស់ក្រុមហ៊ុនមិនត្រឹមតែផ្តល់សេវាកម្មទូរគមនាគមន៍ដែលគុណភាពនោះទេ ប៉ុន្តែការផ្តួចផ្តើមនេះក៏នឹងជួយសហគ្រាសនៅកម្ពុជាក្នុងការវិនិយោគទៅក្នុងប្រទេសចិនផងដែរ ដូច្នេះវានឹងបង្កើតបានជាសហប្រតិបត្តិការដែលរឹងមាំ និង មានអត្ថប្រយោជន៍ដែលជាការបន្ថែមអត្ថន័យទៅលើគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ឆាយណា យូនីខម នៅតែបន្តពន្លឿននូវការអភិវឌ្ឍន៍លើទីផ្សារអន្តរជាតិ ដោយបង្ហាញពីភាពរឹងមាំរបស់បណ្តាញសេវាកម្មរបស់ខ្លួននៅលើសកលលោក និង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលនេះបង្កើតបានជាផ្លូវរចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេស និង តំបន់ដែលស្ថិតនៅក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ។ គិតត្រឹមមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានចូលរួមក្នុងការសាងសង់ និង ការកាន់កាប់លើគម្រោងបណ្តាញខ្សែទូរស័ព្ទជាង២០គម្រោង និងគម្រោងបណ្តាញក្រោមបាតសមុទ្រជាង៣០គម្រោងទូទាំងពិភពលោក ។
ក្រុមហ៊ុន ឆាយណា យូនីខម ក៏បានកាន់កាប់ចំណុចចូលប្រើ (Point of Presence (PoP)) ជាង៨០ចំណុចទូទាំងពិភពលោក ដោយធ្វើការយ៉ាងជិតស្និតជាមួយធុរកិច្ចអន្តរជាតិ និង ក្រុមហ៊ុនផ្តល់សេវាកម្មបណ្តាញ ក្នុងការផ្តល់បណ្តាញខ្លោដ ដែលមានសុវត្ថិភាព និងដែលអាចជឿទុកចិត្តបាន និងព័ត៌មានដែលបានរួមបញ្ចូល និង ព័ត៌មានទូលំទូលាយ ហើយនិងសេវាកម្មទំនាក់ទំនងទូទាំងពិភពលោក ជាពិសេសសម្រាប់សហគ្រាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕ធ.ដ