មន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំង ចុះឃាត់គ្រឿងចក្រម្ចាស់ដដែលជាលើកទី ២ បន្ទាប់ពីនៅតែបំពានចុះកាយក្នុងបឹងដំរែក ក្នុងភូមិដំបូកកកោះ នៅស្រុករលាប្អៀរ
កំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ ចុះឃាត់គ្រឿងចក្រដែលធ្វើសកម្មភាពអត់ច្បាប់ ជីកដីក្នុងបឹងដំរែក ស្ថិតក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។ ការឃាត់គ្រឿងចក្រខាងលើនេះត្រូវបានមន្ត្រីជំនាញអះអាងថា គឺជាលើកទី០២ហើយ បន្ទាប់ពីឲ្យម្ចាស់គ្រឿងចក្រទៅធ្វើច្បាប់អនុញ្ញាត្តិ តែម្ចាស់មិនព្រមធ្វើ នៅតែបន្តធ្វើសកម្មភាពបំពានច្បាប់ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុនបានប្រាប់ឲ្យដឹងថា ពិតជាមានការចុះទៅឃាត់គ្រឿងចក្រ ពីមន្ត្រីជំនាញជលផលសហការជាមួយសមត្ថកិច្ច នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះមែន គឺបានឃាត់គ្រឿងចក្រ ១គ្រឿង ដែលធ្វើសកម្មភាពជីកកាយដី ក្នុងបឹងដំរែក ។
លោកបានបញ្ជាក់ថា ចំពោះគ្រឿងចក្រនិងមធ្យោបាយដទៃទៀតមិនមានសក
ម្មភាពយើងមិនបានឃាត់នោះទេ ។
លោក ងិន ហ៊ុន ក៏បានបន្ថែមទៀតថា ការឃាត់គ្រឿងចក្រនេះគឺជាលើកទី០២ហើយកាលឃាត់លើកទី០១ មន្ត្រីជំនាញបានធ្វើការផាកពិន័យ អន្តរកាល និងអនុញ្ញាតឲ្យម្ចាស់ រត់ការធ្វើច្បាប់ថ្មី ។ ប៉ុន្តែម្ចាស់គ្រឿងចក្រមិនព្រមរត់ការធ្វើច្បាប់ ហើយបែជានៅតែបន្ត ចូលជីកដីក្នុងបឹងដំរែក ជាការរំលោភច្បាប់ ទើបព្រឹកនេះមន្ត្រីជំនាញបានចុះឃាត់គ្រឿងចក្រតែម្តង ។
បញ្ហាជីកបឹងដំរែកនេះដែរត្រូវបាន លោក ងិន ហ៊ុន បញ្ជាក់ថា បញ្ហាទី០១ ប៉ះពាល់ដល់ធនធានជលផល និងបញ្ហាទី០២ គឺប៉ះពាល់ដល់ធនធានទឹកទៀតផង ហេតុនេះម្ចាស់គ្រឿងចក្រគួរតែធ្វើច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ។ ជុំវិញបញ្ហានេះគេមិនដឹងថាតើត្រូវផាកពិន័យ ដូចមុនឬក៏ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីជលផល ឬ ច្បាប់ស្ដីពីធនធានទឹកនោះទេ ៕ សុខ គឹមសៀន



