រុស្ស៊ី និងចិនព្រមព្រៀងសម្របសម្រួលជំហររៀងៗខ្លួនទៅលើបញ្ហាអ៊ុយក្រែន អាហ្វហ្គានីស្ថាន និងស្ថានការណ៍នៅឧបទ្វីបកូរ៉េ

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានបញ្ជាក់ថា ចិន- រុស្ស៊ីបានធ្វើការសម្របសម្រួលអំពីតួនាទីរៀងៗខ្លួន ជុំវិញវិបត្តិអ៊ុយក្រែន ក្នុងអំឡុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ចិនបានសម្តែងការយល់ដឹង និងគាំទ្រចំពោះគោលជំហររបស់រុស្ស៊ីស្តីពីបញ្ហាសន្តិសុខពាក់ព័ន្ធនឹងទំនាក់ទំនងរវាងរុស្ស៊ីជាមួយសហរដ្ឋអាមេរិក និងអង្គការណាតូ។​ នេះបើតាមតាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយក្រោយជំនួបរវាង រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងសមភាគីរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ។ នាឱកាសនោះដែរ ចិន និងរុស្ស៊ីក៏បានសម្របសម្រួលជំហររៀងៗខ្លួន ទៅលើបញ្ហាប្រឈមសំខាន់ៗរួមក្នុងតំបន់ដូចជាអ៊ុយក្រែន អាហ្វហ្គានីស្ថាន និងស្ថានការណ៍នៅឧបទ្វីបកូរ៉េផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលគ្រោងជួបពិភាក្សាជាមួយសមភាគីចិនលោក ស៊ី ជីនពីង នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅមុនពេលចូលរួមកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner