អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ស្នើជប៉ុនជួយហ្វឹកហ្វឺនជំនាញដល់កងយោធាមួកខៀវកម្ពុជាសម្រាប់បេសកកម្មអង្គការសហប្រជាជាតិ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើដល់ភាគីជប៉ុនបន្តជួយហ្វឹកហ្វឺនជំនាញវិស្វកម្មដូចដែលជប៉ុនធ្លាប់បានធ្វើកន្លងទៅនាសម័យកាលមុនរោគរាតត្បាតជំងឺកូវីដ-១៩ សំដៅលើកកម្ពស់សមត្ថភាពជំនាញលើការងារវាស់ស្ទង់ដល់កងយោធាមួកខៀវកម្ពុជាក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ។
ការស្នើនេះ បានធ្វើឡើងក្នុងជំនួបជាមួយលោក MORI NOBUO លេខាទី១ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ជាការឆ្លើយតប លេខាទី១ ស្ថានឯកអគ្គរាជទូតជប៉ុនលោក Mori Nobuo បានបញ្ជាក់ថា នឹងយកសំណើនេះទៅពិភាក្សាជាមួយថ្នាក់ដឹកនាំនៃប្រទេសជប៉ុន ទទួលបន្ទុកផ្នែកនេះ។ តែយ៉ាងណា ជប៉ុនបាននិងបន្តបណ្តុះបណ្តាលជាបន្តបន្ទាប់មកផងដែរ។ រហូតមកដល់ពេលនេះ ជប៉ុនបានបណ្តុះបណ្តាលជាច្រើនវគ្គ លើជំនាញវិស្វកម្ម ហើយសិក្ខាមទាំងអស់នោះ គឺបានចេញទៅបំពេញបេសកកម្មគ្រប់ៗគ្នាផងដែរ។
សូមជម្រាបថា ជប៉ុន គឺជាប្រទេសមួយដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា។ ដោយឡែកចាប់តាំងពីកម្ពុជាបង្កើតឡើងនូវមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គឺប្រទេសជប៉ុន បានជួយជ្រោមជ្រែង ក្នុងការបណ្តុះបណ្តាលនូវរាល់ជំនាញ បច្ចេកទេស ដោយផ្តោតជាសំខាន់លើជំនាញវិស្វកម្មជាបន្តបន្ទាប់ដល់កងយោធពលខេមរភូមិន្ទ សម្រាប់ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្មសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កន្លងទៅ កម្ពុជាបានបញ្ជូនកងកម្លាំងយោធាមួកខៀវកម្ពុជាទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសចំនួន៩ ហើយដែលបច្ចុប្បន្ននេះ បាននិងកំពុងបន្តបំពេញបេសកកម្មក្នុងប្រទេសចំនួន៥៕
ដោយ:ពលជ័យ